(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង បានចាត់ឲ្យក្រុមការងារដឹកនាំលោកគ្រូ អ្នកគ្រូ និងសិស្សវិឡាល័យ ហ៊ុន សែន ពានរោង ជាង៥០០ នាក់ ក្នុងនោះស្រី២៧១នាក់ បានទៅទស្សនកិច្ចនៅប្រាសាទអង្គវត្ដ ខេត្តសៀមរាប តាមការស្នើសុំនាពេលថ្មីៗនេះ។

សូមរម្លឹកថា កាលពីដើមខែធ្នូ ឆ្នាំ២០១៩កន្លងទៅ នៅក្នុងពិធីសម្ពោធសមិទ្ធិផលនានានៅក្នុងវត្តព្រៃជ្រាំង លោកគ្រូអ្នកគ្រូ និងសិស្សសាលាបានគោរពស្នើសុំសម្តេច ទៅលេង និងទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ទើបពេលនោះសម្តេចក៏បានយល់ព្រម និងចាត់ឲ្យក្រុមការងារដឹកនាំទៅតែម្តង។

លោក អ៉ី សុខឃី ប្រធានក្រុមការងារចុះជួយឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ថា បន្ទាប់ពីបានទទួលសំណូមពរ ខាងលើនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានចាត់លោក និងលោក លឹម សុខា រស្មី រៀបចំចាត់ចែងការងារនេះ។ ដំណើរទស្សនកិច្ចនេះ ចាប់ផ្ដើមពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ដឹកនាំដោយលោកផ្ទាល់ និងលោក លឹម សុខារស្មី អនុប្រធានទី១ ក្រុមការងារ ឃុំពានរោង។

ក្រុមការងារបានបែងចែកភារកិច្ចដូចខាងក្រោម៖

* ក្រុមការងារចែកនំប៉ាង់ ចំនួន២៥០ ដើម (ពេលចេញដំណើរព្រឹកញាំលើឡាន)
* ញុំបាយថ្ងៃត្រង់នៅ ហាងបាយ ឃាង ណាវី ជិតភ្នំសន្ទុក (ម៉ោង១២ថ្ងៃត្រង់) បន្តមកខេត្តសៀមរាបដោយសុវត្ថិភាព។
* ញុំបាយពេលល្ងាចនៅភោជនីដ្ឋាន ផ្កាឈូកថ្មី (ម៉ោង៦ល្ងាច)
* សម្រាកនៅផ្ទះសំណាក់ អ៊ុន ពិសិដ្ឋ។

ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០

* ពេលព្រឹកម៉ោង០៧៖០០នាទី ចេញដំណើពីផ្ទះសំណាក់ អ៊ុន ពិសិដ្ឋ ទៅអង្គរវត្ត ហើយញុំអាហារពេលព្រឹក ម៉ោង០៨៖០០នាទី (បាយកញ្ចប់សាច់ជ្រូក) នៅអង្គរតូច។
* ញុំបាយថ្ងៃត្រង់នៅ ប្រសាទបាយន្ត អង្គរធំ (ថ្ងៃត្រង់បាយកញ្ចប់ភ្លៅមាន់) ញ៉ាំបាយថ្ងៃត្រង់ហើយរួច បន្តទស្សនកិច្ចប្រាសាទបាយន្ត ប្រាសាទតាព្រហ្ម ស្រះស្រង ហើយត្រឡប់មកអង្គរតូចវិញ ដើម្បីវិលមកផ្ទះសំណាក់។
* ញុំបាយពេលល្ងាចនៅភោជនីដ្ឋាន ផ្កាឈូកថ្មី (ម៉ោង៦ល្ងាច)
* សម្រាកនៅផ្ទះសំណាក់ អ៊ុន ពិសិដ្ឋ។

សម្រាប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ត្រូវវិលត្រឡប់វិញ នៅវេលាម៉ោង៨ព្រឹក ចេញពីខេត្តសៀមរាប។ សម្រាប់លោកគ្រូអ្នកគ្រូ និងសិស្សទំាំងអស់ពិតជារំភើប និងសូមថ្លែងអំណរគុណ យ៉ាជ្រាលជ្រៅដល់សម្តេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដែលបានទទួលយកតាមសំណូមពររបស់ពួកគាត់ ហើយមានឱកាសទៅមើលប្រាង្គប្រាសាទ ជាប្រវត្តិសាស្រ្តរបស់ខ្មែរនៅខេត្តសៀមរាប ដែលពួកគេមួយចំនួនធំ មិនដែលបានទៅនោះឡើយ៕