(កំពង់ចាម)៖ ថ្លែងក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសាលាបុណ្យ និងសមទ្ធិផលនានា នៅវត្តកុមារាជ្យ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកព្រៃឈរ និងស្រុកបាធាយ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសារនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន គឺ «អរគុណសន្តិភាព» ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារឃុំបឹងណាយ ដែលបានចំណាយពេលវេលា និងធនធានជាច្រើន ក្នុងការជួយឧបត្ថម្ភ និងអភិវឌ្ឍន៍ឃុំ ក្នុងនោះបានឧបត្ថម្ភដល់ស្រ្តីឆ្លងទន្លេ គ្រួសារសព គ្រួសារជនពិការ ចាស់ជរាខ្វះទីពឹង ជួសជុលប្រព័ន្ធផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន និងវត្តអារាមជាដើម។
ទន្ទឹមគ្នានេះ លោករដ្ឋមន្ដ្រី ក៏បានរំលេចពីសមទ្ធិផលធំៗ យ៉ាងច្រើន ដែលកើតចេញកិច្ចខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ ដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចបានគួរជាទីមោទនៈដូចជា៖
*សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ ធ្វើឲ្យប្រជាជនបាននឹងនចិត្ត រស់នៅយ៉ាងសុខសាន្ត សុខដុមរមនា។
*ដំណើរការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយ ត្រូវបានជំរុញអនុវត្តបន្តប្រកបដោយឆន្ទៈមុតស្រួច និងកាន់តែមានប្រសិទ្ធភាព ជាពិសេសកំណែទម្រង់ រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
*សន្តិភាព និងស្ថេរភាពនយោបាយ បានធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជាឲ្យសម្រេចបានកំណើនខ្ពស់ប្រមាណ៧,១% ក្នុងបរិការណ៍អតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព និងទុនបម្រុងអន្តរជាតិបន្តកើនឡើង។
*លើមូលដ្ឋានសមិទ្ធកម្ម នៃវិស័យសេដ្ឋកិច្ច និងការបែងចែកផ្លែផ្កា នៃកំណើនសមធម៌ក្នុងក្របខណ្ឌសង្គមទាំងមូល ធ្វើឲ្យជីវភាពរបស់ប្រជាជន កាន់តែមានភាពប្រសើរឡើង ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើង នៃផលិតផលក្នុងស្រុកសរុប ជាមធ្យមសម្រាប់មនុស្សម្នាក់ពី ១,៥៤៨ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ១,៦៧៩ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយមកក្រោម១០ភាគរយ នាពេលបច្ចុប្បន្ន ហើយអត្រាគ្មានការងារមានប្រមាណ ០,៣ភាគរយ ប៉ុណ្ណោះ។
លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ បានបន្ថែមទៀតថា មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយ របស់ប្រជាជន មានសន្តិភាព ទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យ នៃដំណើរការអភិវឌ្ឍ និងភាពរឹងមាំ នៃប្រជាធិបតេយ្យ នឹងជះឥទ្ធិពលត្រឡប់មកវិញធានានូវចីរភាពនៃសន្តិភាព។ បើយើងបាត់បង់សន្តិភាពនោះ យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួម ក្នុងការការពារសន្តិភាព ដែលយើងសម្រេចបានមកដោយលំបាកជាទីបំផុតនេះ ឲ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច មិនអនុញ្ញាតឲ្យកម្លាំងប្រតិកិរិយាណា មកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាក្តី៕