(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ នគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានបញ្ជូនជនសង្ស័យជាតិចិន ២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការ បើកការស៊ើបសួរតាមច្បាប់ ពាក់លើព័ន្ធរឿងបង្ខាំង និងជំរិតទារប្រាក់ជនជាតិចិនដូចគ្នា។
តាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យទី១ឈ្មោះ Hong Laing ភេទប្រុស អាយុ៣២ឆ្នាំ និងទី២ឈ្មោះ Pan Xusheng ភេទប្រុស អាយុ៣៨ឆ្នាំ ចំណែកជនរងគ្រោះមានឈ្មោះ ZHOU CHAOJAIANG ភេទប្រុស ជនជាតិចិន។
បច្ចុប្បន្ន ក្រុមជនសង្ស័យស្ថិតក្រោមចំណាត់ការរបស់ លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើការស៊ើបសួរ និងសម្រេចចោទប្រកាន់ ឬមិនចោទប្រកាន់ តាមការសន្និដ្ឋានរបស់នគរបាលយុត្តិធម៌។
គួររម្លឹកថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងព្រលឹត ខណ្ឌ៧មករា បានឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ តាមបណ្តឹងរបស់ជនរងគ្រោះពាក់ព័ន្ធករណី ផ្តើមគំនិតក្នុងអំពើបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស ដើម្បីជំរិតទារប្រាក់ និងបទសមគំនិតប្រព្រឹត្តកាលពីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគារសៅអាស៊ី វីយូ ផ្ទះលេខ ៥៣+៥៥ ផ្លូវលេខ១១៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ៕