(ព្រៃវែង)៖ យុវតីរហ័សនាម «បងធំមេសាង ខេត្តព្រៃវែង» ដែលត្រូវបានគេចែកចាយវីដេអូក្នុងបណ្ដាញសង្គម Facebook ដោយប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យគំរាមវាយគូជម្លោះ ដោយគ្រាន់តែជិះម៉ូតូមកលេងស្រុករបស់ខ្លួននោះ ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនយកមកសួរនាំ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។
តាមរយៈវីដេអូចែកចាយក្នុងបណ្ដាញសង្គមនោះ យុវតីខាងលើមានបក្ខពួកជាច្រើននាក់ បានស្ទាក់ម៉ូតូរបស់យុវតីចំនួន ៤នាក់ផ្សេងទៀត ដែលអះអាងថា ជាអ្នកមកពីស្រុកផ្សេង មិនមែននៅស្រុកមេសាងនោះទេ។ ហើយមូលហេតុដែលក្រុមយុវតីខាងលើ ស្ទាក់សួរនាំ និងគំរាមរកវាយគេនោះ ដោយសារតែភាគីម្ខាងទៀត បានមើលមុខឌឺដងដាក់ខ្លួន។
លោក នៅ ហាច អធិការនគរបាលស្រុកមេសាង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃនេះថា ក្រោយឃើញវីដេអូមិនសមរម្យដែលត្រូវបានចែកចាយ ក្នុងលក្ខណៈមិនសមរម្យដែលអាចប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម លោកបានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនយុវតីខាងលើយកមកសួរនាំ។
យុវតីដែលអ្នកប្រើប្រាស់បណ្ដាញសង្គមឲ្យរហ័សនាមថា «បងធំមេសាង» នោះ មានឈ្មោះ ចាន់រី ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យមេសាង ហើយថ្ងៃកើតហេតុនោះ តាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ បន្ទាប់ពីយុវតីទាំងអស់នោះ មកពីមើលគេប្រកួតបាល់នៅវិទ្យាល័យមេសាង។
អធិការនគរបាលស្រុកមេសាង បានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនមកសួរនាំ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការអប់រំយុវតីខាងលើ ហើយមានការធានាពីអាណាព្យាបាល និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពបែបនេះ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ មិនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការអ្វីនោះទេ។
បើតាមលោកអធិការ សម្រាប់យុវតីម្នាក់នេះ កន្លងទៅមិនធ្លាប់បានធ្វើសកម្មភាពបែបនេះឡើយ ពោលទើបតែលើកទី១នោះទេ៕