(កំពត)៖ ប្រជាពលរដ្ឋមកពីបណ្ដាមូលដ្ឋានក្នុងខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកែប ប្រមាណ ១៥០នាក់ បានមកទទួលសេវាការពិនិត្យ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃ ពីអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍ ប្រចាំនៅកម្ពុជា។ កម្មវិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅភូមិកំពង់កណ្ដាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ក្រោមការដឹកនាំពីលោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងលោកបណ្ឌិត រ៉ូស ម៉ានសះរី ប្រធានអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍប្រចាំនៅកម្ពុជា។
ក្នុងពិធីនេះលោក រ៉ូស ម៉ានសះរី បានឱ្យដឹងថា អង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍ តែងបានចូលរួមចំណែក ធ្វើសកម្មភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយដល់ប្រជាពលរដ្ឋ មិនប្រកាន់និន្នាការនយោបាយ និងសាសនាអ្វីឡើយ នៅតាមសហគមន៍នានា ក្នុងមូលដ្ឋានមួយចំនួនក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ។ ជាពិសេស នៅក្នុងខេត្តកំពត ដោយបានផ្ដោតលើសកម្មភាពសំខាន់ៗ គឺការអប់រំលើធនធានមនុស្ស សុខភាពអនាម័យជនបទ និងមូលនិធិសមធម៌ក្នុងសហគមន៍។
ជាក់ស្ដែងកម្មវិធីពិនិត្យ និងការព្យាបាលភ្នែកដោយឥតគិតថ្លៃនៅពេលនេះ គឺជាគម្រោងតាមរយៈជំនួយមនុស្សធម៌របស់ប្រទេសគុយវ៉េត ដែលមានប្រជាពលរដ្ឋ នឹងត្រូវមកចូលរួមការពិនិត្យ និងព្យាបាលមកពីខេត្ត៖ចំនួន៣ គឺខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកំពត ប្រមាណ១៥០នាក់។ ការពិនិត្យនិងការព្យាបាល នៅពេលនេះ គឺមានគ្រូពេទ្យភ្នែកចំណានៗមកពីរាជធានីភ្នំពេញ មិនតែប៉ុណ្ណោះបើសិនការពិនិត្យនេះទៀតសោត មានប្រជាពលរដ្ឋណាម្នាក់ មានជំងឺភ្នែកធ្ងន់ធ្ងរ អង្គការរបស់លោកនឹងបញ្ជូនអ្នកជំងឺនោះទៅធ្វើការព្យាបាល និងវះកាត់នៅភ្នំពេញ ដោយមានការធានារ៉ាប់រង ចំណាយលើសេវាផ្សេងៗ របស់អង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍទៀតផង។
លោក ម៉ាត់ សេត បានចាត់ទុកសកម្មភាពកន្លងមក របស់អង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍ គឺជាការងារសង្គមមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យមានការចូលរួមមិនអាច ខ្វះបាន ពិសេសកិច្ចសហការក្នុងការពិនិត្យ និងព្យាបាលជំងឺភ្នែក ជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាកាយវិការ ដ៏សប្បុរសធម៌មួយបានរួមចំណែកយ៉ាងល្អប្រពៃជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោកក៏បានចាត់ទុក និងប្រៀបប្រដូចសុខភាពភ្នែកនិងសុខសន្តិភាព របស់ប្រទេសជាតិ គឺពិតជាសេចក្ដីត្រូវការដ៏មានសារៈសំខាន់ ដែលជាបំណងប្រាថ្នា របស់ប្រជាពលរដ្ឋទូទៅ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្ដេចតែងបានខិតខំយកចិត្តទុកដាក់ជាសំខាន់។ ដូច្នេះបញ្ហាសុខភាពភ្នែកបើយើង មានជំងឺភ្នែកមើលអ្វីមិនឃើញ ពិតជាពិបាកនឹងការរស់នៅ ឬប្រកបកិច្ចការងាផ្សេងៗបាន។ ប៉ុន្តែដូចគ្នានេះដែរបើបញ្ហាប្រទេសជាតិបើពុំមានសុខសន្តិភាព ពេញបរិបូណ៌នោះទេ ការរស់នៅ ឬប្រកបមុខរបររកស៊ីផ្សេងៗសម្រាប់ប្រជាពលរដ្ឋក៏ពិបាកនោះដែរ។ ដូច្នេះមានតែយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសុខភាពភ្នែក ឱ្យបានល្អនិងសុខសន្តិភាពប្រទេសជាតិឱ្យបានរឹងមាំទើបយើងទាំងអស់គ្នារស់នៅប្រកបដោយសុភមង្គល និងការអភិវឌ្ឍប្រទេសជាតិ បានកាន់តែរីកចម្រើនថែមទៀតផងដែរ។
លោក ម៉ាត់ សេត ក៏បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋយើងរក្សា សុខភាពឱ្យបានល្អទាំងអស់គ្នា មិនថាតែសុខភាពភ្នែក ឬសុខភាពខ្លួនប្រាណឡើយ ពិសេសរស់នៅប្រកបដោយអនាម័យហូបស្អាត ផឹកស្អាត និងរស់នៅស្អាត រួមនឹងការគោរពច្បាប់ក្នុងសង្គមយើងផងដែរ៕