(ភ្នំពេញ)៖ អ្នកជំនាញផ្នែកអចលនទ្រព្យ មកពីសហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ បានបើកសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីឱកាសវិនិយោគ នៅសហរដ្ឋអាមេរិក ដល់ប្រជាពលរដ្ឋកម្ពុជា នាសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។
លោកស្រី ឈរ ចាន់នី អ្នកដឹកនាំនៃក្រុមចាន់នី ដែលស្ថិតក្រោមក្រុមហ៊ុន Remax Top Producer មានឈ្មោះល្បីទូទាំងពិភពលោក បានបើកសិក្ខាសាលាផ្តល់ចំណេះដឹង ដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសវិនិយោគនៅរដ្ឋកាលីហ្វរញ៉ា និងរដ្ឋមួយចំនួនទៀត នៅសហរដ្ឋអាមេរិក ដើម្បីកុំឲ្យពលរដ្ឋខ្មែរវិនិយោគខុសបែបបទគេ ដែលអាចធ្វើឲ្យខាតបង់ច្រើន។
លោកស្រី ឈរ ចាន់នី បានថ្លែងថា មូលហេតុដែលខ្លួនរៀបចំសិក្ខាសាលានេះឡើង ដោយសារតែប្រជាពលរដ្ឋខ្មែរខ្លះ អត់ទាន់មានចំណេះដឹងច្បាស់លាស់ ចំពោះការវិនិយោគ នៅសហរដ្ឋអាមេរិកទេ។ ម្យ៉ាងវិញទៀតលោកស្រីគិតថា អ្នកវិនិយោគនៅស្រុកខ្មែរ ដែលចង់វិនិយោគនៅអាមេរិក គឺគាត់មានសិទ្ធិទៅវិនិយោគបាន ដោយមិនមានហានិភ័យខ្ពស់ បើគាត់មានការផ្តល់ការណែនាំបានល្អ។
លោកស្រីបញ្ជាក់ថា៖ «អីចឹងមកនេះ ចង់ចែករំលែកការចំណេញ ការទិញរបស់ជាក់លាក់ ការទិញផ្ទះសម្រាប់ឲ្យកូនរៀន និងការទិញអគារនៅទីនោះ។ ខ្ញុំចង់ឲ្យគាត់ដឹងថា ទោះបីយើងអត់មានក្រដាសស្នាម យើងអត់មានសិទ្ធិរស់នៅទីនោះ យើងអត់មានសិទ្ធិខ្ចីលុយ ក៏យើងមានសិទ្ធិមានជាទ្រព្យសម្បតិ្តនៅទីនោះដែរ»។
បើតាមប្រធានក្រុមរូបនេះ ប្រជាពលរដ្ឋខ្មែរមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទិញអចលនទ្រព្យនៅអាមេរិក ព្រោះថាប្រជាពលរដ្ឋខ្មែរកំពុងរស់នៅទីនោះច្រើន។ យ៉ាងណាមិញ ក្រុមរបស់លោកស្រី ផ្តោតសំខាន់បំផុតទៅ តើពេលខ្មែរទិញអចលនទ្រព្យនៅអាមេរិក គាត់ត្រូវចំណាយទុនប៉ុន្មាន ចំណេញប៉ុន្មាន ឬអាចឲ្យគាត់ចំណេញបានឬអត់។
លោកស្រី ឈរ ចាន់នី បានបន្តថា បើគេនិយាយពីតម្លៃអចលនទ្រព្យនៅទីនោះ [អាមេរិក] វាយោងទៅតាមតំបន់ ដែលអាចមានតម្លៃចាប់ពី ៣០ម៉ឺនដុល្លារ រហូតដល់ ១លានដុល្លារ ឬ២លានដុល្លារ។ លោកស្រីគិតថា សិក្ខាសាលារបស់លោកស្រី និងសកម្មភាពការងាររបស់លោកស្រី គឺជាចំណុចល្អមួយ ដែលបើកផ្លូវឲ្យពលរដ្ឋខ្មែរមានសមត្ថភាព អាចទិញរបស់នៅអាមេរិកបាន។
លោកស្រីអះអាងថា កម្រិតជីវភាពប្រជាពលរដ្ឋខ្មែរមានការកើនឡើង ហើយតម្លៃផ្ទះនៅស្រុកខ្មែរ នៅតំបន់ប្រជុំជនតម្លៃ ៣០ម៉ឺនដុល្លារ ហេតុនេះការចំណាយ និងការវិនិយោគនៅខ្មែរ និងអាមេរិក អត់ខុសគ្នាប៉ុន្មានទេ។ ចំពោះការជួលផ្ទះនៅខ្មែរ បើឡើងគឺឡើងខ្លាំង បើចុះគឺចុះខ្លាំង ដែលធ្វើឲ្យការវិនិយោគអាចខាត ប៉ុន្តែនៅអាមេរិកតម្លៃជួលអត់ចេះថយចុះទេ មានតែកើនឡើងជារៀងរាល់ឆ្នាំ។
លោកស្រីថ្លែងថា ការវិនិយោគនៅរដ្ឋកាលីហ្វរញ៉ា គឺជារឿងសមរម្យដោយបញ្ជាក់ថា៖ «មូលហេតុ ដែលពួកយើងចង់ឲ្យគាត់ទិញអចលនទ្រព្យនៅរដ្ឋកាលីហ្វរញ៉ា ពីព្រោះអីបងប្អូនខ្មែរយើងចូលចិត្ត ដូចថាតាំងពីតំបន់រស់នៅ ពីអាកាសធាតុ តាំងពីម្ហូបអាហារនៅទីនោះ មានដូចស្រុកខ្មែរយើងអីចឹង។ បើយើងប្រៀបធៀប ពីរដ្ឋផ្សេងទៅរដ្ឋនោះ ចំណូលនិងស្ថិរភាព គឺមានច្រើនជាងគេ»។
បើតាមអ្នកជំនាញអចលនទ្រព្យរូបនេះ ការទិញផ្ទះនៅអាមេរិកតាមរយៈភ្នាក់ងារ និងតាមរយៈខ្លួនឯងផ្ទាល់ គឺការទិញតាមរយៈភ្នាក់ងារ មានអត្ថប្រយោជន៍ច្រើនជាង។ ជាបទពិសោធន៍ គឺភាសា ព្រោះជួនកាលពួកគាត់អាចសរសេរបានក្រដាសស្នាម ប៉ុន្តែអត់ដឹងថាក្រដាសស្នាមនោះអ្វីទេ។ ម្យ៉ាងវិញទៀត អត់មានការពន្យល់ច្បាស់លាស់ ធ្វើឲ្យការសម្រេចចិត្តរបស់គាត់ ដែលចង់ទិញផ្ទះនៅអាមេរិក ក៏វាមានបញ្ហាដែរ។
លោកស្រី ឈរ ចាន់នី បន្ថែមថា «ពេលដែលយើងទាក់ទងខាងភ្នាក់ងារ ចំណេញថាយើងមានលេខកូដសម្គាល់។ ពេលយើងធ្វើអ្វីមួយ យើងយោងទៅតាមច្បាប់ យើងការពារគាត់ មិនឲ្យគាត់បាត់បង់»។
លោកស្រី ឈរ ចាន់នី បន្តទៀតថា សម្រាប់អ្នកទិញ, ក្រុមរបស់លោកស្រីពន្យល់គាត់ មុននឹងគាត់សម្រេចចិត្តនីមួយៗ ទាំងការទិញ ទាំងការខ្ចីលុយ គឺពន្យល់គាត់លម្អិតលើការប្រាក់ តើសមរម្យសម្រាប់ពួកគាត់ឬអត់ ការសារ៉េលុយនៅស្រុកខ្មែរ រៀបចំយ៉ាងដូចម្តេច ដែលក្រុមនេះដើរតួជាអាជ្ញាកណ្តាល ដើម្បីគាត់មានភាពកក់ក្តៅក្នុងការសម្រេចចិត្ត។ លោកស្រីថ្លែងថា នៅអាមេរិកក្រដាសស្នាមមានច្រើនណាស់ មិនមែនគេទិញផ្ទះនៅខ្មែរមានតែ១សន្លឹក ឬ២សន្លឹកទេ គឺរាប់រយសន្លឹក។
ប្រធានក្រុមរូបនេះ បានឲ្យដឹងផងដែរថា ពលរដ្ឋខ្មែរមានសិទ្ធិទិញផ្ទះនៅអាមេរិក ដោយមិនបាច់មានភ្នាក់ងារ។ ប៉ុន្តែក្នុងដំណាក់កាលនេះ ខាងសំណុំឯសារ បើគាត់អត់ចេះរៀបចំទេ គាត់អាចទិញផ្ទះខុស ការប្រាក់ខុស អាចខ្ចីលុយខុស សំណុំឯកសាររៀបអត់ត្រូវ ជួនកាលផ្ទះនោះទិញអត់បានក៏មានដែរ។
លោកស្រី ឈរ ចាន់នី បញ្ជាក់ថា៖ «ពេលយើងទិញផ្ទះ យើងមានកំណត់រយៈពេល បើសិនយើងធ្វើក្រដាសស្នាមអត់ចេញ យកព័ត៌មានអត់ច្បាស់លាស់ គាត់អាចបាត់បង់លុយតម្កល់គាត់បាន។ ពេលគាត់មករកភ្នាក់ងារ គឺយើងធានារាល់អ្វីៗដែលយើងឲ្យគាត់ធ្វើ»៕