(ភ្នំពេញ)៖ លោកស្រី បាន ស្រីមុំ សមាជិការដ្ឋសភា និងជាអនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការស្រ្តីនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៨ នាវិមានរដ្ឋសភាអូស្រ្តាលី នាទីក្រុងកង់បេរ៉ា រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។
សភាអូស្រ្តាលីកំពុងរៀបចំកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ APPF ក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់»។ កិច្ចប្រជុំគណៈកម្មាធិការស្រ្តី ជាកិច្ចប្រជុំមួយក្នុងចំណោមកិច្ចប្រជុំជាច្រើននៃកិច្ចប្រជុំប្រចំាឆ្នាំ APPF នេះ ដូចជាកិច្ចប្រជុំគណៈកម្មាធិការសន្តិសុខ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការតំបន់ជាដើម។ កិច្ចប្រជុំទំាងអស់នេះ នឹងដំណើរការបន្តបន្ទាប់ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ។
គណៈកម្មាធិការស្រ្តីបានជជែកពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន៣ ក្នុងការជំរុញលើកកម្ពស់សមភាពយេនឌ័រ។ លោកស្រី បាន ស្រីមុំ បានលើកឡើងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល និងសភាកម្ពុជា ក្នុងការលើកកម្ពស់ស្រ្តី។ រាជរដ្ឋាភិបាលបានជំរុញបរិមាណស្រ្តីចូលរួមគ្រប់វិស័យ ទាំងវិស័យនយោបាយ សង្គម និងសេដ្ឋកិច្ច។
សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។
អង្គការសភាមួយនេះ មានសមាជិក២៧ប្រទេស រួមមាន៖ ប្រទេសអូស្រា្តលី ព្រះរាជាណាចក្រកម្ពុជា ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែលហ្សឡង់ ប៉ាពូញូហ្គីនៀ ប្រជុំកោះម៉ារសល កាណាដា ឈីលី កូឡំប៊ី មិគសិគកូរ ប៉េរ៉ូ សហរដ្ឋអាមេរិក អេក្វាឌ័រ និងកូស្ការីការ៕