(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបរសេដ្ឋ បានថ្លែងថា សម្ដេចតេជោ បានដឹកនាំប្រទេសកន្លងមក ដោយរំដោះយើងឱ្យរួចពីរបប ប៉ុល ពត ហើយបើគ្មានសម្តេចតេជោ នាំកងទ័ពរំដោះ យើងប្រហែលជាមិនអាចរស់រានមានជីវិតទេ។ ឥឡូវយើងសប្បាយដោយសារសន្តិភាព។ ដូច្នេះហើយបានជាយើងអរគុណសន្តិភាព។ បើគ្មានមេដឹកនាំដូចសម្តេចតេជោ ហ៊ុន សែន យើងនៅមានសង្រ្គាមរ៉ាំរ៉ៃនៅឡើយទេ។
ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី គឺក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតី ក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ថ្ងៃជ័យជម្នះ៧មករា (០៧.០១.១៩៧៩-០៧.០១.២០២០) នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ ២០២០ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ មីទ្ទិញ នេះមានការចូលរួមពី អស់លោក លោកស្រី នាងកញ្ញាជាប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយស្រុកបរសេដ្ឋ ឃុំកាត់ភ្លុក អាជ្ញាធរឃុំកាត់ភ្លុកប្រជាជន និងសិស្សានុសិស្សប្រមាណ ២៥០នាក់។
លោកទេសរដ្ឋមន្ត្រីបានថ្លែងបន្តថា ឥឡូវយើងលែងឈ្លោះជាមួយប្រទេសជិតខាងហើយ។ យើងរកស៊ីជាមួយគ្នា ដើម្បីការរីកចម្រើន។ ដោយសារសន្តិភាព និងការអភិវឌ្ឍនោះ ផ្លូវពីផ្សារស្លាបលែង មកដល់ទីស្នាក់ការបក្សឃុំកាត់ភ្លុកដែលពីមុន ត្រូវធ្វើដំណើរប្រមាណ២ម៉ោង ឥឡូវធ្វើដំណើរមិនដល់កន្លះម៉ោងផង។ យើងក៏មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់ផងដែរ។ ដូច្នេះ យើងត្រូវគាំទ្រសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យប្រទេសយើងរីកចម្រើនបន្តទៀត។ យើងត្រូវរក្សានូវសណ្តាប់ធ្នាប់សង្គម ដើម្បីកុំឱ្យបាត់បង់សន្តិភាព។ យើងក៏មិនត្រូវជឿគេ ដោយនាំគ្នាប្រមូលផ្តុំចូលរួមចលនា ផ្តួលរំលំរាជរដ្ឋាភិបាលដែរ។ ជាមួយគ្នានេះ យើងត្រូវចូលរួមរក្សាស្រុកយើងឱ្យរឹងមាំ ដោយមិនចំណុះបរទេសណាឡើយ។ យើងក៏ត្រូវរួមគ្នាការពារបូរណភាពទឹកដី និងឯករាជ្យជាតិផងដែរ។
មុននឹងបញ្ចប់ លោកទេសរដ្ឋមន្រ្តី បានផ្តាំប្រជាជន និងយុវជនដែលចូលរួមទាំងអស់ថា សូមប្រយ័ត្នរឿងគ្រឿងញៀន។ តាមទិន្នន័យបច្ចុប្បន្ន ដោយសារបញ្ហាគ្រឿងញៀន បានធ្វើឱ្យអត្រាឆ្លងមេរោគអេដស៍ កម្រើកឡើងវិញ។ ដូច្នេះ ដើម្បីការពារការឆ្លងមេរោគអេដស៍ យើងត្រូវប្រើស្រោមអនាម័យ។ បើសង្ស័យថាអាចឆ្លងមេរោគអេដស៍ ត្រូវទៅពិនិត្យឈាមដើម្បីបញ្ជាក់។ បើមានផ្ទុកមេរោគអេដស៍ ត្រូវទៅទទួលការព្យាបាល។ ឯបរិស្ថានគឺចាប់ផ្តើមពីសំរាម។ យើងត្រូវចូលរួមគ្រប់គ្រង និងប្រមូលសំរាមទាំងអស់គ្នា ដើម្បីធ្វើឱ្យបរិស្ថានបានស្អាត។ ហើយពេលចេញពីមីទ្ទិញទៅវិញ ត្រូវនាំគ្នាប្រមូលសំរាម។ ចំណែកឯចរាចរណ៍ក៏សំខាន់ ផងដែរ។ សព្វថ្ងៃយើងស្លាប់ដោយសារបញ្ហាចរាចរណ៍ ច្រើនជាងជំងឺអេដស៍ទៀត។ យើងត្រូវរៀនច្បាប់ចរាចរណ៍ឱ្យចេះ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
នៅទីបញ្ចប់ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គពិធីថា យើងប្រារព្ធទិវាជ័យជម្នះ៧មករា ដើម្បីរំឭកដល់ការរំដោះឱ្យរស់រានមានជីវិត។ យើងអរគុណសន្តិភាព ហើយត្រូវរួមគ្នារក្សា អធិបតេយ្យភាព និងឯករាជ្យភាពកម្ពុជា។ យើងក៏ត្រូវថែរក្សាសន្តិភាព រក្សាសាមគ្គីភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ដើម្បីបន្តសន្តិភាព និងការអភិវឌ្ឍ៕