(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក លោកស្រីទាំងអស់ ដែលជាអ្នកសារព័ត៌មាន ដែលបានសហការរួមចំណែកផ្សព្វផ្សាយព័ត៌មានសុខាភិបាលកន្លងមក និងក្នុងពេលថ្មីៗនេះ ប្រកបដោយវិជ្ជាជីវ: ត្រឹមត្រូវ ហើយបានជួយដល់ក្រសួង ក្នុងការចែកចាយនូវព័ត៌មានត្រឹមត្រូវ ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកសុខភាពដល់ប្រជាពលរដ្ឋ។
លើសពីនោះ កិច្ចការសុខាភិបាល ព្រមទាំងបច្ចុប្បន្នភាព និងវឌ្ឍន:ភាពសំខាន់ៗសម្រាប់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងត្រឹមត្រូវ និងបានជួយបំបាត់នូវព័ត៌មានក្លែងក្លាយ បំភ្លើសពីការពិត ដែលធ្វើឲ្យមានភាពច្របូកច្របល់ផ្នែកគំនិត សតិអារម្មណ៌ ការភ័ន្តច្រឡំ និងការយល់ដឹងខុសពីការពិត ដែលអាចឈានទៅដល់ការបង្កអស្ថេរភាពសង្គម ចិត្តសាស្ត្រ និងវិធាននៃការរក្សាសុខភាព ឫបែបនៃការស្វែងរកសេវាសុខភាពមិនបានល្អ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្ដិចទៀតថា លោកសូមអរគុណជាអនេក ហើយសម្រាប់ឆ្នាំថ្មី២០២០ ឱកាសចូលឆ្នាំចិន និងចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមប្រសិទ្ធិពរជ័យជូនដល់លោក លោកស្រី នាងកញ្ញា ដែលជាអ្នកសារព័ត៌មាន ដែលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ សុភមង្គល និងចម្រុងចម្រើនក្នុងក្រុមគ្រួសារគ្រប់ៗគ្នា៕