(ព្រះសីហនុ)៖ មន្ត្រីមន្ទីរបរិស្ថាន និងអាជ្ញាធរដែនដីស្រុកព្រៃនប់ ចាត់វិធានការតាមផ្លូវច្បាប់ ដល់ក្រុមជនល្មើសដែលបានរុករានទន្រ្ទាន់ កាន់កាប់ដីតំបន់ឧទ្យានជាតិរាមខុសច្បាប់។
ក្រុមជនល្មើសមួយចំនួនបានប្រើវិធីសាស្ត្រ ជួលប្រជាពលរដ្ឋក្រីក្រទៅចាំយាមដី និងដាំដំណាំលើដី ដែលខ្លួនលួចទន្ទ្រានកាន់កាប់ និងបានបង្កបញ្ហាជាច្រើន ហើយករណីនេះត្រូវបានសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់។
ជាក់ស្តែងនៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២០ មានប្តីប្រពន្ធ២នាក់ឈ្មោះ មួន ជុំ ជាប្ដី និងប្រពន្ធឈ្មោះ ស្រ៊ុន ស្រីណេន បានស៊ីឈ្នួលចាំដី និងទន្ទ្រានកាន់កាប់ដី ត្រូវបានកកម្លាំងសមត្ថកិច្ច មន្រ្តីមន្ទីរបរិស្ថាន ធ្វើកំណត់ហេតុស្តាប់ចម្លើយ ដើម្បីបញ្ឈប់សកម្មភាព។
តាមចម្លើយលោក មួន ជុំ បានសារភាពថា ខ្លួន និងប្រពន្ធបានមកស៊ីឈ្នួលចាំដីឱ្យគេ ពុំស្គាល់ឈ្មោះតាំងពីខែសីហា ឆ្នាំ២០១៨ ដោយទទួលបានប្រាក់ខែពីឈ្មោះ ធឿន ១លានរៀលជារៀងរាល់ខែ។
លោកបានបន្ថែមថា ដីដែលត្រូវចាំនោះពុំដឹងពីទំហំនោះទេ តែដឹងថាមានផ្ទះចំនួន០៦ និងកញ្ចុះ១ ហើយខ្លួន និងបងប្អូន៣នាក់ទៀត បានចាំផ្ទះចំនួន៣ និងទទួលបានប្រាក់ខែ១លានរៀលដូចគ្នា។
មន្ត្រីនៃមន្ទីរបរិស្ថានថ្លែងថា នេះជាសកម្មភាពនៃ ការបង្កើតភាពស្របច្បាប់ លើការកាន់កាប់ដីធ្លី ដែលខ្លួនទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ដែលជនល្មើសនៅពីក្រោយ សកម្មភាពនេះត្រូវប្រឈមមុខច្បាប់។ មន្រ្តីក្រសួងបរិស្ថាននឹងបន្តអនុវត្តច្បាប់ ចំពោះអ្នកផ្សេងទៀតដែលសង្ស័យថា មានការកាន់កាប់ដីតំបន់ការពារធម្មជាតិខុសច្បាប់៕