(ភ្នំពេញ)៖ ម៉ាកស្បែកជើង របស់ប្រទេសដាណឺម៉ាក «ECCO» ដែលមានភាពល្បីសុះសាយ ពាសពេញពិភពលោក បានបើកហាងដំបូងក្នុងប្រទេសកម្ពុជា ស្ថិតនៅផ្សារទំនើបអ៊ីអនម៉ល ទី១ រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ នៃការបើកសម្ពោធជាផ្លូវការ នាពេលថ្មីៗនេះ បានបង្ហាញនូវផលិតផលស្បែកជើង ម៉ូតចុងក្រោយយ៉ាងស្រស់ស្អាត និងគួរជាទីចាប់ចិត្តជូនដល់ភ្ញៀវកិត្តិយស បណ្តាអ្នកចូលរួម និងអ្នកសារព័ត៌មាន ជាច្រើននាក់ ឲ្យបានឃើញកាន់តែច្បាស់ពីភាពអស្ចារ្យ និងទាន់សម័យ នៃផលិតផលមួយនេះ។
ទីតាំងលក់ដំបូង ដែលផ្អែកលើគោលគំនិត Prime Outlet ថ្មី របស់ ECCO ត្រូវបានបង្កើតឡើងយ៉ាងពិសេស និងសម្រិតសម្រាំង ដោយផ្តល់ជូននូវគ្រប់ផលិតផលរបស់ ECCO ដែលមានគុណភាពខ្ពស់ ធន់ ស្វិត ជាប់ និងប្រើប្រាស់បានយូរអង្វែង ហើយស័ក្តិសមបំផុតសម្រាប់បុរស និងស្រ្តីទាំងឡាយ។
ហាងត្រូវបានតុបតែងឡើង ដើម្បីដោយធ្វើការរួមបញ្ចូលរវាង ភាពស្អាត សាមញ្ញឥតខ្ចោះ ប៉ុន្តែមានអត្ថប្រយោជន៍ច្រើន ដោយប្រើប្រាស់សម្ភារលំនាំបែបប្រទេសតំបន់ អ៊ឺរ៉ុបខាងជើង ស្របទៅនឹងគោលគំនិតរបស់ម៉ាក ECCO ។
លោក ពុម្ព សូរិយា នាយកគ្រប់គ្រងនៅកម្ពុជា បានថ្លែងថា «ខ្ញុំពិតជាមានសេចក្តីរំភើបខ្លាំងណាស់ ដែលបាននាំមកនូវផលិតផលថ្មី និងបានស្វាគមន៍អតិថិជនថ្មី និងអតិថិជន ដែលស្មោះត្រង់ដែលតែងតែគាំទ្រហាងថ្មី របស់យើងនៅពេលនេះ ហើយខ្ញុំជឿជាក់ថា យើងនឹងក្លាយទៅជាផ្នែកមួយដ៏ជោគជ័យ នៃបរិយាកាសអាជីវកម្មក្នុងស្រុករបស់យើង ជាក់ជាពុំខានឡើយ»។
លោក ពុម្ព សូរិយា បានលើកឡើងទៀតថា ជាអាជីវកម្មដែលគ្រប់គ្រងបែបលក្ខណគ្រួសារ ផ្តោតលើសិល្បៈហត្ថកម្ម ផលិតករដាណឺម៉ាក បានធ្វើការប្រមូលផ្តុំ ចំណេះដឹងខាងផ្នែក សិល្បៈហត្ថកម្ម និងជំនាញដ៏មានតម្លៃរបស់ខ្លួន អស់រយៈពេលជាង ៥០ឆ្នាំមកហើយ។
លើសពីនោះទៀត លោកបានបន្ថែមថា បង្កើតឡើងក្នុងឆ្នាំ១៩៦៣ ក្រុមហ៊ុនបានទទួលជោគជ័យ ក្នុងការជំរុញការច្នៃប្រឌិតថ្មី បង្កើតរោងចក្រផលិតស្បែកជើង និងផលិតផលស្បែកផ្ទាល់របស់ខ្លួន គ្រប់គ្រងខ្សែសង្វាក់ផលិតកម្ម ដោយខ្លួនឯងសឹងតែ១០០ភាគរយ ដើម្បីធានាឲ្យបាននូវគុណភាពដ៏អស្ចារ្យ។
នាយកគ្រប់គ្រង រូបនេះ បានឲ្យដឹងថា ជាមួយនឹងការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើផលិតផលស្បែក ដែលមានគុណភាពខ្ពស់ និងផ្តល់ជូននូវផាសុកភាពប្រកបដោយភាពច្នៃប្រឌិត ECCO ផ្តល់ជូននូវផលិតផលជាច្រើន សម្រាប់ក្រុមគ្រួសារទាំងមូល។
សូមជម្រាបថា ECCO ជាម៉ាកផលិតផលស្បែកជើងលំដាប់ពិភពលោក ដែលរួមបញ្ចូលម៉ូត និងផាសុកភាពនៅក្នុងផលិតផលតែមួយ។ ផលិតផល ECCO ត្រូវបានដាក់លក់ នៅក្នុងប្រទេសចំនួន ៩៩ ទូទាំងពិភពលោក និងមានហាងផ្ទាល់ខ្លួន រហូតដល់ជាង ២,២៥០កន្លែង និងមានកន្លែងលក់រហូតដល់ ១៤,០០០កន្លែងទូទាំងពិភពលោក៕