(ព្រៃវែង)៖ លោកស្រី លៀង ស្រីម៉ុល អភិបាលរងខេត្តព្រៃវែង និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាអាទិភាពមួយ ក្នុងចំណោមអាទិភាពជាច្រើន សម្រាប់ការលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពសង្គម ក៏ដូចជាលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរបស់មនុស្ស ព្រោះថា អំពើជួញដូរមនុស្ស ជាបទឧក្រិដ្ឋ ដែលជនល្មើសជួញដូរមនុស្ស បានប្រើគ្រប់កលល្បិចដើម្បីកេងប្រវ័ញ្ច រំលោភបំពានលើមនុស្សផងដែរ ដោយមិនខ្វាយខ្វល់ពីទុក្ខវេទនា និងអាយុជីវិតរបស់មនុស្សផងដែលចង់រស់រានជួបជុំគ្រួសារ និងសេចក្តីសុខដែរនោះ។
ការលើកឡើងបែបនេះរបស់លោកស្រី លៀង ស្រីម៉ុល នៅក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងទិវាជាតិលើកទី១៣ «ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០១៩» នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួម មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបី អង្គការដៃគូរ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សិស្សានុសិស្ស និងគរុសិស្ស ប្រមាណ៧០០នាក់។
លោកស្រីលៀង ស្រីម៉ុល បានបន្តថា អំពើជួញដូរមនុស្ស និងអំពើការធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកល ដែលនៅតែបន្តកើតមានអាស្រ័យកត្តា ចំនួន៣ គឺ៖ ការអប់រំសង្គម, ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស។ រូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេតែក្នុងឆ្នាំកន្លងទៅក៏មានលេចចេញនូវបាតុភាពមួយចំនួន ដែលមានទំនោរទៅរអំពើជួញដូរសរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន ដែលហៅថា «បទអន្តរការីនៃអំពើពពោះជំនួស»។ នេះជាកង្វល់ថ្មីទៀតដែលគណៈកម្មាធិការជាតិ ប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្សបាននឹងកំពុងតែដាក់វិធានការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបជាបណ្តើរៗ ឱ្យបានទាន់ពេលវេលា និងសិក្សាអំពីបរិបទច្បាប់បទដ្ឋានគតិយុត្តិពាក់ព័ន្ធបន្ថែមទៀត ដើម្បីជៀសវាងការដុះដាលនៃបទល្មើសដែលនាំ ឱ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើង ដល់សង្គម និងមនុស្សគ្រប់វ័យ ។
លោកស្រីបានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមានការចូលរួមពីបណ្តាស្ថាប័ន ជាសមាជិកគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិនានា បាននិងកំពុងរួមដៃគ្នា ធ្វើសកម្មភាពឥតឈប់ឈរ ប្រកបដោយការលះបង់ខ្ពស់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយបន្តខិតខំពុះពារគ្រប់ឧបសគ្គ និងការលំបាកនានា ដើម្បីដោះស្រាយបញ្ហាដ៏ក្តៅគគុកនេះអស់ពីសមត្ថភាព៕