(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ លោក Björn Häggmark ឯកអគ្គរាជទូតស៊ុយអែតថ្មីប្រចាំនៅកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរជាងមុន ពិសេសលើគម្រោងអភិវឌ្ឍន៍ជាច្រើនដែលកំពុងអនុវត្តនៅកម្ពុជា។
ទន្ទឹមនឹងគ្នានេះដែរ ភាគីទាំងពីរបានបង្ហាញការវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដ៏ល្អ នាពេលកន្លងមក លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានសន្យាពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តការដ៏ល្អនេះទៀត ដើម្បីជួយអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាវិស័យដ៏សំខាន់មួយក្នុងការធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងការអភិវឌ្ឍសង្គម។
លោកឯកអគ្គរាជទូតស៊ុយអែតថ្មី បានប្ដេជ្ញាបន្តគម្រោងទំនាក់ទំនងលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងស៊ុយអែត ក្នុងនោះមានដូចជា គម្រោងអភិវឌ្ឍន៍ ទាំងឡាយដែលធ្វើឡើងតាមរយៈអង្គការ SIDA ដែលបានជួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងការបង្កើតមជ្ឈមណ្ឌលការងារនៅតាមបណ្ដារាជធានី-ខេត្តនានា។
កម្ពុជាបាននិងកំពុងបន្តការគាំទ្រយ៉ាងសកម្មដល់កិច្ចព្រមព្រៀងសាកល (Global Deal) របស់រដ្ឋាភិបាលស៊ុយអែត ដែលជាគំនិតផ្តួចផ្តើមសាកល និងមានគោលបំណងក្នុងការដោះស្រាយរួមគ្នានូវបញ្ហាប្រឈមនានានៅក្នុងទីផ្សារការងារ និងជំរុញឱ្យមនុស្សគ្រប់រូបអាចទទួលបានផលប្រយោជន៍ពីសាកលភាវូបនីយកម្ម។
លោក អ៉ិត សំហេង បានលើកឡើងថា បន្ទាប់ពីកម្ពុជាបានផ្តល់ការគំាទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកលនេះ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងការងារបាន៖
* បន្តពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
* ពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីព ដើម្បីធានាបាននូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ដែលតំណាងឱ្យសំឡេង និងឆន្ទៈពិតប្រាកដរបស់កម្មករនិយោជិត និងនិយោជក ក្នុងការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ និងជាដៃគូសន្ទនាដ៏មានប្រសិទ្ធភាពក្នុងកិច្ចសន្ទនាសង្គម។
* ពង្រឹងការអនុវត្តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដែលជាក្របខណ្ឌគតិយុត្តរឹងមាំក្នុងការការពារប្រកបដោយនិរន្តរភាពនូវប្រាក់ឈ្នួលរបស់កម្មករនិយោជិត និងធានានូវការប្រើប្រាស់យន្តការចរចារត្រីភាគីតាមបែបប្រជាធិបតេយ្យ ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ដោយឈរលើលក្ខណៈវិនិច្ឆ័យបែបវិទ្យាសាស្រ្ត ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។
* ពង្រឹងយន្តការដោះស្រាយវិវាទការងារឱ្យកាន់តែមានប្រសិទ្ធភាព ទាំងនៅដំណាក់កាលផ្សះផ្សារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការដោះស្រាយក្រៅប្រព័ន្ធតុលាការដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល សំដៅធានាបាននូវយុត្តិធម៌ការងារ កាត់បន្ថយបាននូវបញ្ហាប្រឈមរវាងនិយោជក និងកម្មករនិយោជិត ឬតំណាងរបស់ពួកគេ ក៏ដូចជាបង្កើនភាពជឿជាក់មកលើប្រព័ន្ធដោះស្រាយវិវាទរវាងភាគីពាក់ព័ន្ធ ដែលកាន់តែធ្វើឱ្យវប្បធម៌នៃកិច្ចសន្ទនាសង្គមមានភាពរឹងមាំ។
* បន្តពង្រឹងយន្តការអធិការកិច្ចការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងភាពជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវការគោរពលក្ខខណ្ឌការងារ និងសិទ្ធការងាររបស់កម្មករនិយោជិត និងនិយោជក ទប់ស្កាត់ ក៏ដូចជាបង្ការមិនឱ្យមានបញ្ហាផ្សេងៗដែលឈានទៅរកវិវាទ និងការតវ៉ានានា។
* ជំរុញការអនុវត្តគោលនយោបាយគាំពារសិទ្ធិ និងផលប្រយោជន៍របស់ពលករទេសន្តប្រវេសន៍ទាំងក្នុងក្របខណ្ឌជាតិ ក៏ដូចជាតំបន់ និងជាមួយប្រទេសពាក់ព័ន្ធ ដើម្បីការពារពលករកម្ពុជាដែលធ្វើការនៅបរទេស។
* បន្តចូលរួមអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងរបបសន្តិសុខសង្គមឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងយន្តការផ្លាស់ប្តូរការប្រឹក្សាគ្នារវាងអ្នកប្រើប្រាស់សេវា អ្នកគ្រប់គ្រង និងផ្តល់សេវា ក៏ដូចជាអ្នកដែលមានកាតព្វកិច្ចផ្តល់ការឧបត្ថម្ភសេវា និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា សំដៅគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍ និងគាំពារវិស័យការងារ៕