(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាបេសកជនពិសេសប្រចាំអង្គការសហប្រតិបត្តិការឥស្លាម (OIC) បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក យូសូហ្វ អាល់អូសៃមិន អគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម (OIC) នៅស្នាក់ការកណ្ដាល ទីក្រុង Jeddah ប្រទេសអារ៉ាប់។
ក្នុងជំនួបកាលពីសប្ដាហ៍កន្លងទៅ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនអគ្គរលខាធិការ OIC។ ជាការឆ្លើយតប អគ្គលេខាធិការ OIC បានសម្តែងនូវការសប្បាយរីករាយ ចំពោះសម្ដេច នឹងបានផ្តាំផ្ញើសាកសួរសុខទុក្ខមកជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ដោយក្តីគោរពស្រលាញ់ រាប់អាន។
ក្នុងជំនួបនេះដែរ បេសកជនពិសេសរបស់កម្ពុជាប្រចាំ OIC បានលើកឡើងពីវឌ្ឍនៈភាព ការរីកចម្រើនកើនឡើងរបស់កម្ពុជា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជូនអគ្គលេខា OIC។
អគ្គលេខាធិការ OIC បានសម្តែងនូវការកោតសរសើរ ចំពោះស្នាដៃនៃការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានសម្ដែង នូវការអបអរសាទរនឹងកម្ពុជា ចំពោះការរីកចម្រើនទាំងឡាយ ហើយពេញចិត្តនូវព័ត៌មានថ្មីៗ បន្តបន្ទាប់ពីកម្ពុជាដែលសម្តេចតេជោនាយករដ្ឋមន្រ្តី ដោះស្រាយបានយ៉ាងល្អប្រសើរ លើសពីបណ្ដាប្រទេសនាៗជាច្រើនទៀត ដោយបានធ្វើឲ្យមានសុខដុមនីយកម្ម ជាតិសាសន៍ សាសនា។
លោកបានឲ្យមន្ត្រីធ្វើការចុះផ្សាយ ក្នុងព្រឹត្តិបត្រគេហទំព័ររបស់ OIC នូវវឌ្ឍនៈភាពកម្ពុជា និងគោលនយោបាយនានាជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនមុស្លិមកម្ពុជា ជាពិសេសឱកាសចូលបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ សំខាន់ៗមួយចំនួន ការផ្តល់ទីកន្លែងថ្វាយបង្គុំ នៅតាមបណ្តាមន្ទីរពេទ្យ។ល។
លោកអគ្គលេខាធិការ OIC បានឲ្យសហការីពិនិត្យ ពេលវេលាសម្រាប់ការអញ្ជើញ មកចូលរួមពិធីស្រាយបួសរ៉ាម៉ាឌន របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី បើសិននៅពេលនោះ ពុំមានកិច្ចប្រជុំបន្ទាន់ណាមួយទេ ខណៈដែលនៅឆ្នាំ២០២០នេះ ពិធីស្រាយបួសរ៉ាម៉ាឌន នៃសាសនិកឥស្លាមកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ ត្រូវបានសម្តេចតេជោ ហ៊ុន សែន កំណត់យកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
សូមជម្រាបថា អង្គការសហប្រតិបត្តិការឥស្លាម OIC ដែលមានសមាជិកប្រទេស កាន់សាសនាឥស្លាម ៥៧ប្រទេស នឹងរៀបចំកិច្ចប្រជុំកំពូលថ្នាក់ រដ្ឋមន្រ្តីការបរទេស នៅប្រទេសនីហ្សេ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ និងទី២ ខែមេសា ឆ្នាំ២០២០នេះ។ OIC នឹងអញ្ជើញទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ចូលរួមក្នុងកិច្ចប្រជុំពូលនេះ ទោះបីជាកម្ពុជា មិនទាន់ក្លាយទៅជាសមាជិកសង្កេតការណ៍ក៏ដោយ តែការចូលរួមនេះមានសារៈសំខាន់ ក្នុងនាមបេសកជនពិសេស របស់កម្ពុជាដើម្បីមានឱកាស ធ្វើការទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យទាំងឡាយ ដែលអាចធ្វើទៅបានជាមួយប្រទេសសមាជិក។
ក្នុងនេះដែរ សម្រាប់កិច្ចប្រជុំប្រចាំខែ ដែលពាក់ព័ន្ធនឹងវិស័យនយោបាយអប់រំ សុខភាព ការងារ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ អគ្គលេខាធិការOIC ក៏បានអនុញ្ញាតឲ្យភាគីកម្ពុជា ចូលរួមតាមការចាំបាច់ជាក់ស្តែង។ ជាមួយគ្នានេះ OIC ក៏បានអនុញ្ញាតឲ្យរៀបចំគម្រោងមនុស្សធម៌ ដើម្បីលើកកម្ពស់ជីវភាព កម្រិតអប់រំ និងវិស័យចាំបាច់នានា សម្ដៅចូលរួមទ្រទ្រង់ដល់អ្នកមានជីវភាពខ្សត់ខ្សោយ ឲ្យមានការរីកចម្រើន តាមរយៈការពិនិត្យលទ្ធភាពប្រទេស សមាជិកណាមួយដើម្បីទទួលយកគម្រោងដែលអាចធ្វើទៅបាន៕