(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តលឿន ដូចហោះជ្រុលទៅបុកទ្រូងផ្លូវពេញមួយទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់រងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២យប់ ចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។
ប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក TOYOTA PRIUS ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ 2BD-8556 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករបាំងថ្មទ្រូងផ្លូវពេញមួយទំហឹងលាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តក្រឡាប់រងការខូចខាតខ្ទេចមួយជំហៀងខាងឆ្វេង ទៅមុខលែងរួច។
ភ្លាមៗនោះគេឃើញអ្នកបើកបររថយន្តខាងលើ បានចេញពីរថយន្ដរួចគេចខ្លួនបាត់ស្រមោល ចេញពីកន្លែងកើតហេតុតែម្ដង។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីស្ទូចយករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕