(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) មានមោទនភាពសូមប្រកាសការចាប់ផ្តើមថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច (MBA) នៅថ្ងៃច័ន្ទទី ១៣ ខែមករា ឆ្នាំ២០២០នេះ ។
ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចដែលមិនធ្លាប់មានពីមុនមកនៅ AUPP បានកំណត់នូវព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់និស្សិតកម្ពុជា ។ និស្សិតដែលចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅក្រៅប្រទេសជាពិសេសនៅសហរដ្ឋអាមេរិក នឹងមិនចាំបាច់ចំណាយប្រាក់កាសច្រើន ឬ ឃ្លាតឆ្ងាយពីក្រុមគ្រួសារឡើយព្រោះពួកគេអាចសិក្សានៅក្នុងប្រទេសកម្ពុជាតែម្តង ។
ថ្នាក់អនុបណ្ឌិតនៅ AUPP មានគោលដៅរៀបចំនិស្សិតដែលបញ្ចប់ការសិក្សាឱ្យទទួលបានភាពជោគជ័យក្នុងវិស័យជំនួញទាំងក្នុង និងក្រៅប្រទេស ទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ និង ពិភពលោក ។ ជាមួយនឹងកម្មវិធីសិក្សាស្តង់ដារអាមេរិក និងបង្រៀនដោយសាស្រ្តាចារ្យជនជាតិអាមេរិកាំង និង ប្រទេសលោកខាងលិចដែលមានបទពិសោធយូរឆ្នាំ និស្សិតនឹងអភិវឌ្ឍចំណេះដឹង និង សមត្ថភាពទៅលើយុទ្ធសាស្រ្តគ្រប់គ្រងធុរកិច្ច ភាពជាអ្នកដឹកនាំ និង សហគ្រិនភាព ។
កម្មវិធីសិក្សាត្រូវបានរៀបចំយ៉ាងល្អិតល្អន់ដើម្បីឲ្យនិស្សិតអភិវឌ្ឍចំណេះដឹង និង ការពិចារណាប្រកបដោយគំនិតច្នៃប្រឌិត ។ និស្សិតអាចផ្ដោតទៅលើជំនាញហិរញ្ញវត្ថុ ជំនួញអន្តរជាតិ និង ទីផ្សារ ។
និស្សិតត្រូវការពេលតែមួយឆ្នាំកន្លះប៉ុណ្ណោះដើម្បីបញ្ចប់ថ្នាក់អនុបណ្ឌិតនេះ ។ និស្សិតរៀនមួយសប្តាហ៍បីថ្ងៃគឺ ច័ន្ទ ពុធ សុក្រ ពីម៉ោង ៥៖៣០ ដល់ ៨៖៣០ ល្ងាច។
និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនឹងទទួលបានសញ្ញាប័ត្រពី AUPP ដែលទទួលស្គាល់ទូទាំងសាកលលោក ។ ពួកគេនឹងបង្កើនចំណេះដឹង និង ចំណេះធ្វើក្នុងការចូលរួមចំណែកដល់ស្ថាប័នការងារ និង ការអភិវឌ្ឍប្រទេសជាតិរបស់ពួកគេ ។
លោក Kenneth Dunn សាកលវិទ្យាធិការ AUPP បានមានប្រសាសន៍ថា «ចក្ខុវិស័យរបស់សាកលវិទ្យាល័យគឺដើម្បីពង្រឹង និង ពង្រីកសក្តានុពលរបស់និស្សិតក្នុងគោលដៅជំរុញពួកគេឲ្យក្លាយជាមនុស្សមានធនធានដ៏មានថាមភាពដើម្បីជាប្រយោជន៍របស់ប្រទេស»។
AUPP ត្រូវបានគេទទួលស្គាល់ថាបានផ្តល់ការអប់រំដែលមានគុណភាពជូននិស្សិតកម្ពុជា ។ និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពី AUPP កំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនធំៗ និង ល្បីៗទាំងក្នុង និងក្រៅស្រុក ដោយទទួលបានប្រាក់ចំណូលខ្ពស់។ និស្សិតខ្លះកំពុងបន្តថ្នាក់អនុបណ្ឌិត និង បណ្ឌិតនៅអូស្រ្តាលី អឺរ៉ុប និង សហរដ្ឋអាមេរិក៕