(ទីក្រុងប្រិសបិន)៖ នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ នាទីក្រុងប្រិសបិន ប្រទេសអូស្ត្រាលី បងប្អូនប្រជាពលរដ្ឋខ្មែរ-អូស្ត្រាលី ដែលកំពុងរស់នៅទីនោះប្រមាណជា ២០០នាក់ បានជួបជុំគ្នាច្រើនកុះករ ដើម្បីប្រារព្ធពិធីអបអរសាទរបុណ្យជាតិខួបលើកទី៤១ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២០)យ៉ាងសប្បាយរីករាយក្រៃលែង និងស្ថិតស្នាលជាទីបំផុតក្នុងនាមមហាគ្រួសារខ្មែរតែមួយ។
កម្មវិធីនេះបានសហការរៀបចំឡើងដោយឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ អនុប្រធានក្រុមការងាររៀបចំយុវជនប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងារយុវជនប្រចាំតំបន់៤ រួមជាមួយលោក លិម គឹមវ៉ាង និងលោក ហ៊ូ វិសិត្រ តំណាងប្រជាពលរដ្ឋនៅទីក្រុងប្រិសបិន ប្រទេសអូស្ត្រាលី ដោយស្ថិតក្រោមអធិបតីភាព ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារយុវជនប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ផងដែរ។
ក្នុងកម្មវិធី លោក ហង្ស សុជាតិ ប្រធានសមាគមខ្មែរ-អូស្រ្តាលីប្រចាំរដ្ឋឃ្វីនស្លែនដ៍ ក៏បានធ្វើការអំពាវនាវនូវការចូលរួមពីអ្នកចូលរួមកម្មវិធីក្នុងការឧបត្ថម្ភជួយដល់ជនរងគ្រោះ និងការសង្រ្គៅះដល់ភ្លើងឆេះព្រៃនៅអូស្រ្តាលី ដែលទទួលបានថវិការសរុបចំនួន ១.៣៥០ដុល្លាអូស្រ្តាលី៕