(ព្រុយណេ)៖ វេទិកាកំពូលទេសចរណ៍អាស៊ាន ឆ្នាំ២០២០ និងកិច្ចប្រជុំពាក់ព័ន្ធនានាបាននិងកំពុងប្រារព្ធឡើងចាប់ពីថ្ងៃទី១២-១៣ ខែមករា នៅប្រទេសព្រុយណេ។ ទន្ទឹមនឹងនេះដែរ ក៏មានមតិមហាជនជាច្រើនបានលើកឡើងថា តើនៅក្នុងវេទិកានេះប្រទេសសមាជិកទាំង១០របស់អាស៊ាន និងប្រទេសដៃគូគ្រោងនឹងយកបញ្ហាអ្វីខ្លះមកពិនិត្យពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយ និងវឌ្ឍនភាពវិស័យទេសចរណ៍បន្តទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះ ក៏មានការបញ្ជាក់ត្រួសៗពីលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍផលិតផលទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍កម្ពុជាផងដែរ បន្ទាប់ពីលោកបានដឹកនាំប្រតិភូក្រសួងចូលរួមកិច្ចប្រជុំថ្នាក់ស្ថាប័នជាតិទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នាឱកាសវេទិកាកំពូលទេសចរណ៍ឆ្នាំ២០២០នេះ ក្នុងនាមជាអនុប្រធាន។
លោក ថោង រដ្ឋសក្តិ បានលើកឡើងថា ស្ថាប័នជាតិទេសចរណ៍ប្រទេសសមាជិកអាស៊ានទាំង១០ នឹងពិភាក្សាពិនិត្យសម្រេចលើចំណុចសំខាន់ៗនៃសកម្មភាពទេសចរណ៍អាស៊ាន និងអនុម័តលើឯកសារ ពិធីសារមួយចំនួន ដូចខាងក្រោម៖
* ពង្រឹងការផ្សព្វផ្សាយទេសចរណ៍អាស៊ានតាមប្រព័ន្ធឌីជីថល អនឡាញ និងប្រព័ន្ធបណ្តាញសង្គម។
* ពិនិត្យអំពីវឌ្ឍនភាពនៃការរីកចម្រើនវិស័យទេសចរណ៍ក្នុងតំបន់អាស៊ាន ឆ្នាំ២០១៨-២០១៩។
* ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥។
* ជំរុញការបង្កើតផលិតផលថ្មីៗ ដោយផ្តោតសំខាន់លើទេសចរណ៍ម្ហូបអាហារ តាមរយៈការរៀបចំផែនការអភិវឌ្ឍទេសចរណ៍ចំណីអាហារអាស៊ាន ការបង្កើតបណ្តាញអ្នកជំនាញអាស៊ាន ផ្នែកចំណីអាហារ ការជំរុញទេសចរណ៍បើកបរដោយខ្លួនឯង តាមរយៈការបង្កើតខ្សែទស្សនកិច្ចរវាងប្រទេសជាប់ព្រំដែន ទេសចរណ៍សាសនា និងពិធីបុណ្យផ្សេងៗ។
* ការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍អាស៊ាន តាមរយៈការធ្វើការផ្សព្វផ្សាយនៅក្រៅប្រទេសរួមគ្នា ការជំរុញការហោះហើរផ្ទៃក្នុង និងការសម្រួលការធ្វើដំណើរ។
* ពិនិត្យអំពីការអនុវត្តបមាណីយភាពគុណភាពទេសចរណ៍អាស៊ាន ពិសេសជំរុញទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ក្នុងតំបន់អាស៊ាន។
* ការចុះហត្ថលេខាលើពិធីសារនៃវិសោធនកម្មលើកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ (ASEAN MRA-TP)។
លោកថា ដើម្បីសម្រេចបាននូវចក្ខុវិស័យទេសចរណ៍អាស៊ាន «ត្រឹមឆ្នាំ២០២៥ អាស៊ាននឹងក្លាយជាគោលដៅទេសចរណ៍ល្អឯកប្រកបដោយគុណភាព ពិពិធភាព បទពិសោធន៍ ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍដោយការទទួលខុសត្រូវ ចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ច សុខុមាលភាពសង្គម ប្រជាជាតិអាស៊ាន»។
លោកអគ្គនាយកបានបន្តថា ស្របពេលជាមួយកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ានលើកទី៥១នេះ ក៏មានការរៀបចំកិច្ចប្រជុំពាក់ព័ន្ធមួយចំនួន ដូចជា កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូក៣ (ប្រទេសចិន ជប៉ុន និងកូរ៉េ) រដ្ឋមន្រ្តីទេសចរណ៍អាស៊ានឥណ្ឌា និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC) អង្គការ/សមាគមអន្តរជាតិ និងដៃគូអភិវឌ្ឍ ដូចជា អង្គការទេសចរណ៍ពិភពលោក (UNWTO) ក្រុមប្រឹក្សាធ្វើដំណើរទេសចរណ៍ពិភពលោក (WTTC) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) សមាគមទេសចរណ៍អាស៊ាន (ASEANTA) សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន (ATRA) ជាដើម។
សូមបញ្ជាក់ថា ឆ្នាំ២០២០នេះ វេទិកាទេសចរណ៍អាស៊ាន (ATF) ក្រោមប្រធានបទអាស៊ាន «ទាំងអស់គ្នាឆ្ពោះទៅកាន់ការធ្វើដំណើរជំនាន់ថ្មី ASEAN-Together towards a Next Generation of Travel» នឹងត្រូវចូលរួមដោយរដ្ឋមន្ត្រីទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា និងប្រទេសដៃគូពិភាក្សាអភិវឌ្ឍន៍មួយចំនួន។
លោក ថោង រដ្ឋសក្តិ បានបញ្ជាក់ទៀតថា កម្ពុជាក៏បានសហការជាមួយផ្នែកឯកជន ចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ដោយរំពឹងថានឹងមានប្រតិភូចូលរួមចំនួន ៧៥០នាក់ ប្រព័ន្ធផ្សព្វផ្សាយព៍ត៌មានចំនួន ១០០ មានស្តង់ពិព័រណ៍ (Booths) ២៥០ និងអ្នកលក់ (Sellers) ចំនួន២៥០ក្រុមហ៊ុន និងមានអ្នកទិញ (Buyers) ចំនួន១៥០ក្រុមហ៊ុនផងដែរ។
ព្រមជាមួយគ្នានេះ កម្ពុជានឹងទទួលជយលាភីរង្វាន់ទេសចរណ៍អាស៊ាន២០២០ មួយចំនួន៖ សណ្ឋាគារបៃតងអាស៊ានចំនួន ៥ ស្តង់ដាអាស៊ាន MICE ប្រភេទបន្ទប់ប្រជុំចំនួន ៥ ទីក្រុងស្អាតអាស៊ានចំនួន ៣ និងទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ានចំនួន ២ ពីអាស៊ានផងដែរ៕