(កណ្ដាល)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា សុខសន្តិភាពដែលទទួលបានក្នុងពេលបច្ចុប្បន្ន ទម្រាំកើតមានគឺមិនសាមញ្ញពេកទេ ដូច្នេះសូមបន្តរក្សាការពារឱ្យបានគង់វង្ស ដោយហេតុថាភាពវឹកវរចលាចល ឬសង្រ្គាមអាចកើតឡើងបានគ្រប់ពេលវេលា។
លោកស្រីថ្លែងបែបនេះក្នុងមីទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២០) ដែលប្រារព្ធធ្វើឡើងនៅឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
ក្នុងពិធីនោះដែរ លោក ហាក់ ប៊ុនធឿន អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំព្រែកដាច់ បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា។
លោក ឃួន សុដារី បានលើកឡើងពីដំណើរការសន្តិភាវូបនីយកម្ម តាមរយៈការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលរាំរ៉ៃ បង្កើតបានសុខសន្តិភាពនៅទូទាំងផ្ទៃប្រទេស ឈានឆ្ពោះទៅរកភាពរីកចម្រើន និងអភិវឌ្ឍន៍ ហើយក៏បានអរគុណសន្តិភាព ដែលប្រជាជាតិកម្ពុជាកំពុងតែទទួលបានជាមួយនឹងភាពសប្បាយរីករាយនាពេលនេះ។
ជាមួយនឹងតម្លៃសន្តិភាពដ៏មានតម្លៃពុំអាចកាត់ថ្លៃនេះបាន លោកស្រីក៏បានសម្តែងនូវអំណរទៅដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសពលរដ្ឋក្នុងគ្រប់ភូមិ ឃុំ ក្នុងស្រុកលើកដែក ខេត្តកណ្តាល ដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ការទប់ស្កាត់នូវឧបាយកលទុច្ចរិតនានា ដែលប៉ុនប៉ងបង្កភាពចលាចល អសុវត្ថិភាព ហើយបានរួមគ្នាការពារថែរក្សាសុខសន្តិភាព សុវត្ថិភាពបានយ៉ាងល្អខ្ជាប់ខ្ជួន។
លោកស្រី ឃួន សុដារី បានគូសបញ្ជាក់ពីសភាពការណ៍កាលពីអំលុងពេលបោះឆ្នោតសកល ឆ្នាំ២០១៣ ដែលពេលនោះសភាពការណ៍មានភាពតានតឹង ដោយសារតែឧបាយកលដ៏ខ្មៅងងឹតរបស់អតីតមេដឹកនាំបក្សប្រឆាំង ដោយបានព្យាយាមអូសទាញសន្តិភាព ដែលកម្ពុជារកបានដោយលំបាកឲ្យធ្លាក់ទៅក្នុងភាពវឹកវរ និងមានចរិកជាបដិវត្តន៍។
លោកស្រីបានបន្ថែមថា «សន្តិភាពដែលមានពេលនេះ គឺមិនសាមញ្ញពេកទេ ដោយហេតុថាភាពវឹកវរចលាចល ឬសង្រ្គាមអាចកើតឡើងបានគ្រប់ពេលវេលា បើសិនជាការដឹកនាំផ្នែកនយោបាយធ្វើឱ្យមានកំហុស»។
លោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមរក្សានូវប្រពៃណី សាមគ្គីភាព ឯកភាពជា ក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។ ទាំងអស់គ្នាក៏បានស្រែកជយឃោសបន្លឺនូវនិយមស័ព្ទថា «អរគុណសន្តិភាពៗៗៗ» «យើងស្រលាញ់ និងការពារសន្តិភាព»៕