(ព្រៃវែង)៖ បណ្ណាល័យគំនិត ដែលជាបណ្ណាល័យអប់រំមួយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ បានផ្តួចផ្តើមនិមន្តព្រះសង្ឃ និងនាំនិស្សិតនានា ដែលកំពុងសិក្សានៅរាជធានីភ្នំពេញ ប្រារព្ធធ្វើនូវកម្មវិធីសង្គហធម៌ ជូនចំពោះគ្រួសារក្រីក្រចំនួន៥០គ្រួសារ ស្ថិតនៅភូមិប្រាសាទកើត ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ព្រះតេជគុណ រឹម ណាំឈីវ ដែលជាប្រធានបណ្ណាល័យគំនិត មានសង្ឃដីកាថា ការរៀបចំកម្មវិធីនេះឡើង ដើម្បីលើកស្ទួយវប្បធម៌ នៃការចែករំលែក។ វប្បធម៌ចែករំលែក គឺជាវប្បធម៌មួយដ៏ល្អប្រសើរ ដែលប្រជាជាតិខ្មែរទាំងបុរស ទាំងនារី ក្មេង-ចាស់គ្រប់ស្រទាប់វណ្ណៈ តែងតែបំពេញតាំងតែពីបុរាណកាលកន្លងមក រហូតមកដល់បច្ចុប្បន្នកាលនេះ។
ព្រះអង្គមានសង្ឃដីកាបន្តថា នៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរ កាលពីជំនាន់មុនៗទាក់ទងទៅនឹងធម៌សាមគ្គី ឬការស្រឡាញ់រាប់អានគ្នា ជាបងជាប្អូនជាជាតិសាសន៍តែមួយនោះ គេឃើញមានគ្រឹះរឹងមាំ។ ប្រការនេះក៏ដោយសារតែមនុស្សក្នុងសម័យនោះ គេបានប្រកាន់យក ឬគោរពសីលធម៌ ចំពោះគ្នាទៅវិញទៅមកហើយ និងចេះជឿបុណ្យជឿបាបជាដើម។
ព្រះអង្គថ្លែងថា ចាស់ទុំខ្មែរមួយចំនួន ដែលបានឆ្លងកាត់របបសង្គមជាតិជាច្រើនជំនាន់ បានប្រាប់ឲ្យដឹងថា សង្គមខ្មែរពីដើមបានបង្កើតសីលធម៌រស់ នៅទាក់ទងគ្នាទៅវិញទៅមក យ៉ាងជិតស្និទ្ធបីដូចជាគ្រួសារតែមួយ។ ហេតុដូច្នេះហើយនៅពេលដែលគេមានបញ្ហាអ្វីមួយកើតឡើង គេតែងតែជួយគ្នាទាំងកម្លាំងកាយ និងកម្លាំងបញ្ញាស្មារតី។
ព្រះអង្គគូសបញ្ជាក់ថា វប្បធម៌ចែករំលែកសេចក្ដីសុខ របស់ប្រជាពលរដ្ឋខ្មែរកាលពីជំនាន់មុន គេបានចាត់ទុកថា ជាវិធីមួយសំខាន់ក្នុងការជួយបណ្ដុះ គំនិតមនុស្សទាំងចាស់ទាំងក្មេងឲ្យចេះអត់ឱន និងមានធម៌អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក មិនបែកបាក់សាមគ្គីគ្នា ឬមិនប្រើអំពើហិង្សា។ល។ វប្បធម៌ចែករំលែកសេចក្ដីសុខឲ្យគ្នានឹងគ្នានេះ គឺជាគ្រឹះដ៏រឹងមាំសម្រាប់ទល់ទ្រសង្គមជាតិខ្មែរ ឲ្យទៅជាជាតិសាសន៍មួយ ឬជាប្រទេសមួយ ដែលមានសេចក្ដីសុខសន្តិភាព ហើយក៏នឹងបង្ហាញពីកិត្យានុភាពនៃធម៌សាមគ្គីនេះ ដល់អន្តរជាតិឲ្យគេគោរពកោតក្រែង ដល់ជនជាតិខ្មែរផងដែរ។
បើតាមប្រធានបណ្ណាល័យគំនិត ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងបង្ហាញថា ការឱ្យទាន ទោះជា «ធម្មទានក្ដី អាមិសទានក្ដី» ដែលបុគ្គលបានបំពេញហើយ ដោយចិត្តសទ្ធាជ្រះថ្លា ប្រកបដោយអង្គបី គឺទាំងមុនពេលឱ្យទាន ក្នុងពេលកំពុងធ្វើទាន និងក្រោយពេលបរិច្ចាគទានរួច គឺជាទានដ៏ប្រពៃ និងមានផលច្រើនពេញបរិបូរណ៍។ បុព្វបុរសខ្មែរបានសរសេរនូវសុភាសិត ទុកជាគតិលោក ក្នុងការព្យាយាមហាត់ពត់អប់រំចិត្ត លះនូវសេចក្ដីកំណាញ់ ស្របតាមពាក្យប្រៀនប្រដៅក្នុងពុទ្ធសាសនា ក្នុងការធ្វើបុណ្យដាក់ទាន ជួយមនុស្សផងគ្នាក្នុងសង្គម ដោយពុំសម្លឹងចង់បានអ្វីត្រឡប់មកវិញ ដែលមានសេចក្ដីជាអាទិ៍ថា៖ «ហុចរបស់ស្រណោះដៃ» និង «ហុតទឹកសម្លឹងកាក» ជាដើម។
ព្រះតេជគុណ រឹម ណាំឈីវ បានបន្ថែមថា «សូមឲ្យប្រជាជនខ្មែរគ្រប់រូប គ្រប់ស្រទាប់វណ្ណៈពង្រឹង និងពង្រីកនូវវប្បធម៌នៃការចែករំលែកនេះ ឲ្យរឹងរឹតតែមានវិសាលភាព និងជានិច្ចនិរន្តរ៍តរៀងទៅ»៕