(ភ្នំពេញ)៖ ទូកុងតឺន័រមួយដែលមានទំនិញពេញនៅខាងក្នុង ត្រូវបានភ្លើងឆេះខ្ទេចអស់ ប៉ុន្តែម្ចាស់ទីតាំងបែរជាប្រឹងលាក់ព័ត៌មានមិនព្រមប្រាប់ពីប្រភពទំនិញនៅក្នុងកុងតឺន័រនោះ ជាហេតុបង្កការសង្ស័យដល់មហាជនអំពីប្រភពទំនិញនោះយ៉ាងខ្លាំង ខណៈម្ចាស់ទីតាំងលាក់បាំងព័ត៌មានថាជារឿងតូចតាចទៅវិញ។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅក្នុងឃ្លាំងផលិតថ្មមួយកន្លែងជិតវត្តវាលស្បូវ ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ទូកុងតឺន័រមួយគ្រឿងនេះមិនដឹងជាផ្ទុកទំនិញអ្វីខ្លះទេ ពោលគឺគ្មានប្រភពច្បាស់លាស់ ដែលម្ចាស់ទីតាំងបានយកមកទុកនៅក្នុងឃ្លាំងខាងលើ លុះមកដល់ម៉ោងកើតហេតុក៏ស្រាប់តែមានភ្លើងឆេះឡើង សន្ធោសន្ធៅដោយមិនដឹងមូលហេតុ ខណៈទូកុងតឺន័រនេះត្រូវបានបិទជិត។
ប្រភពបានបន្តទៀតថា បន្ទាប់ពីដឹងថាមានភ្លើងឆេះហើយ អ្នកមើលការខុសត្រូវបានសុំអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យមកជាច្រើនគ្រឿង ដើម្បីបាញ់ទឹកពន្លត់។ ស្របពេលនោះដែរ ក្រុមអ្នកសារព័ត៌មានបានចូលទៅដល់ដើម្បីសួរនាំ តែអ្នកមើលការខុសត្រូវមិនអនុញ្ញាតឲ្យចូល ហើយបាននិយាយលាក់បាំងថា ជារឿងតិចតួចតែប៉ុណ្ណោះ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ករណីឆេះសម្ភារៈក្នុងទូកុងតឺន័រខាងលើនេះ សមត្ថកិច្ចពិបាកក្នុងការបាញ់ពន្លត់ ពីព្រោះថាសម្ភារៈដែលផ្ទុកនៅក្នុងទូកុងតឺន័រ មិនដឹងថាផ្ទុកសារធាតុអ្វីនោះទេ គឺគ្រាន់តែបាញ់ទឹកទៅចំ បែរជាភ្លើងកាន់តែផ្ទុះចាប់ឆេះខ្លាំងឡើងៗ។
ទោះជាយ៉ាងណាក្ដី កម្លាំងសមត្ថកិច្ចពន្លត់ និងបង្ការពន្លត់អគ្គិភ័យ ក៏នៅតែព្យាយាមបាញ់ពន្លត់ទប់ស្កាត់ មិនឲ្យមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ក៏ដូចជាឃ្លាំងដទៃទៀតឡើយ៕