(ភ្នំពេញ)៖ ក្នុងសង្គមប្រជាធិបតេយ្យ ក៏ដូចជាប្រទេសកម្ពុជាផងដែរ ពលរដ្ឋដែលជាសមាជិកសង្គមគ្រប់រូបមានសិទ្ធិ និងសេរីភាពពេញលេញក្នុងការបញ្ចេញមតិ និងធ្វើការប្រមូលផ្តុំដើម្បីសំដែងមតិរបស់ខ្លួនតាមគ្រប់មធ្យោបាយ ត្រឹមដែនកំណត់របស់ច្បាប់ ។
ប៉ុន្តែការធ្វើសកម្មភាពញុះញង់ តាមរយៈការអុចអាល ឬជំរុញអ្នកដទៃឲ្យប្រព្រឹត្តបទល្មើស ឬបង្កឲ្យមានភាពវឹកវរ ដែលបណ្ដាលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សារធារណៈ ក៏ដូចជាសន្តិសុខសង្គម ឬធ្វើឲ្យអ្នកដទៃបាក់បែកសាមគ្គីភាព ដោយបង្កើតឲ្យមានការរើសអើងជាដើម គឺពុំមែនជាសេរីភាព ឬសិទ្ធិរបស់បុគ្គលឡើយ ។ផ្ទុយទៅវិញអំពើនេះត្រូវបានច្បាប់ព្រហ្មទណ្ឌចាត់ទុកថាជា បទល្មើសព្រហ្មទណ្ឌ ។
តើទម្រង់នៃអំពើណាខ្លះត្រូវបានចាត់ទុកថាជា ការញុះញង់ឲ្យប្រព្រឹត្តិបទល្មើស ? ហើយចុះជនបង្កត្រូវទទួលទោសតាមច្បាប់កម្រិតណាខ្លះ?
កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការញុះញង់ឲ្យប្រព្រឹត្តបទល្មើស» មកបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ ដូចតទៅ៖
ទម្រង់នៃអំពើដែលក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកថាជា ការញុះញង់ឲ្យប្រព្រឹត្តបទល្មើសមានជាអាទិ៍ដូចខាងក្រោម៖
ក៖ ការញុះញង់ដោយផ្ទាល់ តាមការប្រើពាក្យសម្ដីតាមប្រភេទណាក៏ដោយ ដែលប្រកាសនៅតាមកន្លែងទីសាធារណៈ ឬពេលមានប្រជុំសាធារណៈ ឲ្យអ្នកដទៃប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើដែលបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ឬឲ្យមានការរើសអើង ការគុំគួន ឬអំពើហឹង្សា ចំពោះបុគ្គលណាម្នាក់ ឬក្រុមណាមួយ ដោយមូលហេតុបុគ្គលនោះ ជាសមាជិក ឬមិនមែនជាសមាជិក នៃជាតិពិន្ធុ ក្រុមជាតិ ពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់ ។
ខ៖ ការញុះញង់ដោយផ្ទាល់ ដោយសំណេរ ឬគំនូរ តាមប្រភេទណាក៏ដោយ ដែលត្រូវផ្សព្វផ្សាយ នៅក្នុងចំណោមសាធារណៈ ឬតាំងឲ្យសាធារណៈជនមើល ដែលសំណេរ ឬគំនូរ ឲ្យអ្នកដទៃប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើដែលបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ឬ ឲ្យមានការរើសអើង ការគុំគួន ឬអំពើហឹង្សា ចំពោះបុគ្គលណាម្នាក់ ឬក្រុមណាមួយ ដោយមូលហេតុបុគ្គលនោះ ជាសមាជិក ឬមិនមែនជាសមាជិកនៃជាតិពិន្ធុ ក្រុមជាតិ ពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់ ។
គ៖ ការញុះញង់ដោយផ្ទាល់ ដោយការប្រើប្រាស់គ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ ដើម្បី ធ្វើការចាក់ផ្សាយតាមស្ថានីទូរទស្សន៍ ឬតាមរយៈវិទ្យុជាសាធារណៈជាអាទិ៍ សម្រាប់សាធារណៈជន ឲ្យអ្នកដទៃប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើដែលបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ឬឲ្យមានការរើសអើង ការគុំគួន ឬអំពើហឹង្សា ចំពោះបុគ្គលណាម្នាក់ ឬ ក្រុមណាមួយ ដោយមូលហេតុបុគ្គលនោះ ជាសមាជិក ឬមិនមែនជាសមាជិកនៃជាតិពិន្ធុ ក្រុមជាតិ ពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់ ។
ចំពោះជន ទាំងឡាយណាដែលបានប្រព្រឹត្តការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ តាមគ្រប់មធ្យោបាយ ដូចដែលបានរៀបរាប់ខាងលើនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០៛ ទៅ ៤,០០០,០០០៛ ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាព (មាត្រា៤៩៥) ។
រីឯការញុះញង់ឲ្យមានការរើសអើងដោយផ្ទាល់ តាមគ្រប់មធ្យោបាយដែលមានចែងក្នុង មាត្រា ៤៩៤ ដែលក្នុងគោលបំណងបង្កើតឲ្យមានការគុំកួន ការបង្កហិង្សា ចំពោះបុគ្គលណាម្នាក់ ឬក្រុមណាមួយ ដោយមូលហេតុបុគ្គលនេះ ជាសមាជិក ឬមិនមែនជាសមាជិកនៃជាតិពន្ធុ ក្រុមជាតិ ពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់នោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យ ជាប្រាក់ចាប់ពី ២,០០០,០០០៛ ទៅ ៦,០០០,០០០៛ ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ ។ ចំណែកឯ ការញុះញង់ឲ្យប្រព្រឹត្តបទល្មើសតាមផ្លូវសារព័ត៌មាន ត្រូវអនុវត្តតាមបទបញ្ញត្តិ នៃច្បាប់ស្ដីពី របបសារព័ត៌មាន ។
បន្ថែមពីនេះ បទល្មើសខាងលើនេះអាចនឹងត្រូវបានប្រកាសទោសបន្ថែមដូចខាងក្រោម៖
*ការដកសិទ្ធិខ្លះជាប្រជាពលរដ្ឋ ជាស្ថាពរ ឬសម្រាប់រយៈពេល ៥ឆ្នាំ យ៉ាងច្រើន ។
*ការហាមឃាត់ចំពោះការកាន់កាប់ ឬយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ជាស្ថាពរ ឬសម្រាប់រយៈពេល ៥ឆ្នាំ យ៉ាងច្រើន ។
*ការបិទផ្សាយសេចក្ដីសម្រេចផ្តន្ទាទោស សម្រាប់រយៈពេល ២ខែ យ៉ាងច្រើន ។
*ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោសនៅក្នុងសារព័ត៌មាន ។
*ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ សម្រាប់ រយៈពេល ៨ថ្ងៃ យ៉ាងច្រើន ។
សរុបរួម ការធ្វើសកម្មញុះញង់ដោយការអុចអាល ឬជំរុញអ្នកដទៃឲ្យប្រព្រឹត្តបទល្មើស ឬបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សារធារណៈ ក៏ដូចជាសន្តិសុខសង្គម ឬធ្វើឲ្យអ្នកដទៃបាក់បែកសាមគ្គីភាព ដោយបង្កើតឲ្យមានការរើសអើងជាដើម គឺពុំមែនជាសេរីភាព ឬសិទ្ធិរបស់បុគ្គលឡើយ ។
រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងកញ្ញា ថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ។