(កំពង់ចាម)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៥៤៩នាក់ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ បានបន្តចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំជូនដោយឥតគិតថ្លៃ ដែលអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ ជាប្រធានគណៈកម្មការទី៧រដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចែកជូនដល់ប្រជាពលរដ្ឋចំនួន៦៧៨៩នាក់ (ប្រាំមួយពាន់ប្រាំពីររយប៉ែតសិបប្រាំបួននាក់ ) នៅវិទ្យាល័យសម្តេច ជួន ណាត ភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ព្រមទាំងមានអាហារសាមគ្គី ចែកជូនអាហារសម្រន់ជានំបុ័ង និងទឹកសុទ្ធផងដែរ។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាឱកាសនេះ ដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម អមដំណើរដោយលោក ចាន់ សាវុឌ្ឍ រដ្ឋាលេខាធិការក្រសួងកសិកម្ម និងមានការចូលរួមសហការពី កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក ហ៊ាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត គឹម សួរភិរុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម ជាពិសេសគឺលោកគ្រូ-អ្នកគ្រូពេទ្យរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាសកម្មជនក្រុមការងារ យុវជនគណបក្សរាជធានីភ្នំពេញ និងមន្ទីរជុំវិញខេត្តដែលពាក់ព័ន្ធ។
នាឱកាសនោះ លោក វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម មកជូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម ដែលសម្តេចតែងតែគិតគូរ ពីសុខទុក្ខបញ្ហាជីវភាព និងសុខភាពរបស់ពលរដ្ឋជានិច្ច។
លោករដ្ឋមន្ត្រី ក៏បានរំលឹកជូនអង្គពិធីដោយសង្ខេបអំពីគោលបំណងនៃកម្មវិធីនាថ្ងៃនេះ គឺដើម្បីត្រួតពិនិត្យព្យាបាលជំងឺទូទៅគ្រប់ប្រភេទជំងឺ ក្នុងកម្រិតបឋមជូនប្រជាពលរដ្ឋគ្របវ័យ ហើយក្នុងករណីរកឃើញ អ្នកជំងឺណាម្នាក់មានកម្រិតធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យនឹងបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យថ្នាក់ខេត្ត ឬនៅរាជធានីភ្នំពេញ ដើម្បីធ្វើការព្យាបាលបន្ត។
លោកបានបន្តទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត មានសុភមង្គលក្នុងគ្រួសារ និងសុខដុមរមនាក្នុងសង្គម។ ទោះជាយ៉ាងណា ប្រទេសជាតិយើងអាចធ្វើការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាពទៅបាន ដ៏រាបណាប្រជាពលរដ្ឋមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត កម្លាំងពលំមាំមួន។ ហេតុនេះហើយ បានជាលោក ហ៊ុន ម៉ានី រៀបចំកម្មវិធីនេះឡើង ហើយវានឹងកើតឡើងជាបន្តបន្ទាប់ទៀតនៅទូទាំងខេត្ត។
ជាមួយគ្នានោះដែរ លោក លេង ផាលី បានឲ្យដឹងថា ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស ...។ល។
លោកបន្ថែមថា «ដូចសព្វដងដែរ ប្រជាពលរដ្ឋសប្បាយរីករាយស្វាគមន៍ និងត្រេកអរឥតឧបមា ចំពោះការចុះពិនិត្យនិងព្យាបាលជំងឺនេះ ជាពិសេស និងបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ និងសូមគោរពជូនពរឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទាំងអស់សូមជួបនូវពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លាងឃ្លាតឡើយ»។
សូមជម្រាបថា ក្នុងរយៈពេល៨៥ខែ (ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ដល់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ) មានរយៈពេល៨ឆ្នាំ ដែលគិតចាប់ពីថ្ងៃបង្កើត ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ បានចំនួន២១៣លើក ជាពិសេសដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចូលរួមចំនួន៤,២៧៥នាក់ (បួនពាន់ពីរយចិតសិបប្រាំនាក់ ) បានពិនិត្យ និងព្យាបាលជំងឺព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋបានចំនួន៥១៧,៤៧២នាក់ (ហាសិបមួយម៉ឺនប្រាំពីរពាន់បួនរយចិតសិបពីរនាក់) ក្នុងនោះស្ត្រីមានចំនួន៣៤៧,៩១៩នាក់ (សាមសិបបួនម៉ឺនប្រាំពីរពាន់ប្រាំបួនរយដប់ប្រាំបួននាក់)៕