(កណ្តាល)៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានរៀបចំពិធីមីទ្ទិង អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤១ នៃជ័យជម្នះ៧មករា ក្រោមអធិបតីភាពលោក ហេង រតនា សមាជិកណ្តាលគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយស្រុកលើកដែក រួមជាមួយនឹងក្រុមការងារថ្នាក់កណ្តាលចុះឃុំកំពង់ភ្នំ ដែលប្រព្រឹត្តទៅនៅ បរិវេណវត្តកំពង់ភ្នំ ស្ថិតក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ដោយមានប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋានចូលរួមសរុបប្រមាណ៥០០នាក់។
ថ្លែងក្នុងឱកាសនោះ លោក ហេង រតនា ថ្លែងថា ថ្ងៃ៧មករា ឆ្នាំ២០២០ ជាថ្ងៃគម្រប់ខួបទី៤១ នៃទិវាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំ របបប្រល័យពូជសាសន៍របស់បន ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាល នៃរបបដ៏សាហាវយង់ឃ្នងបំផុត បានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុត នៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
លោកបានបន្តថា លើមូលដ្ឋានជ័យជម្នះ ៧មករា ប្រជាជនកម្ពុជាបានដណ្តើមមកវិញ នូវភាពជាម្ចាស់លើមាតុភូមិ និងជោគវាសនារបស់ខ្លួន។ ប្រជាជនកម្ពុជា បានប្រសិទ្ធនាមជ័យជម្នះ ៧មករា ថាជាថ្ងៃកំណើតទីពីររបស់ខ្លួន បើគ្មានជ័យជម្នះ ៧មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ។ ជ័យជម្នះ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់រូប និងជារបស់មនុស្សជាតិទាំងមូល ដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។ នេះជាសច្ចធម៌ ប្រវត្តិសាស្ត្រ។
លោក ហេង រតនា ក៏បានពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋានអំពីសារនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានអត្ថន័យ «អរគុណដល់សន្តិភាព» ដោយសារតែសន្តិភាពដូចសព្វថ្ងៃនេះហើយ ដែលធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន បងប្អូនរស់នៅដោយគ្មានការភ័យខ្លាចអ្វីទាំងអស់ អាចប្រកបរបរចិញ្ចឹមជីវិត កាន់តែមានជីវភាពធូរធាឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លោក ហេង រតនា បានលើកយកប្រសាសន៍របស់ម្តេចតេជោ មកជម្រាបជូនបងប្អូនប្រជាពលរដ្ឋផងដែរថា គ្រប់មនុស្សទាំងអស់គ្នា ត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។
ដោយមើលឃើញពីតម្លៃដ៏មហាសាលនៃសន្តិភាព លោក ហេង រតនា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមថែរក្សាសន្តិភាព ការពារសន្តិភាព ព្រោះមានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន។ សូមអរគុណ សន្តិភាព៕