(កំពង់ធំ)៖ ក្នុងពេលប្រារព្ធពីធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២០) ថ្នាក់ដឹកនាំ និងក្រុមការងារចុះជួយឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សុទ្ធតែបានលើកឡើងថា សន្ដិភាព គឺជាកត្តាដ៏ចម្បងបំផុតក្នុងការធ្វើឲ្យប្រទេសមានការរីកចម្រើន និងមានការអភិវឌ្ឍ។
ពិធីខាងលើនេះត្រូវបានធ្វើឡើងនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ក្នុងនោះក៏មានការចូលរួមពីលោក ខេន ឈុនគ័ ប្រធានក្រុមការងារចុះជួយឃុំដំរីស្លាប់ លោក ហ៊ុយ សាវឿន ប្រធានតំណាងបញ្ជាទិញសម្លៀកបំពាក់របស់ក្រុមហ៊ុន Matalan Uk Retailer ប្រចាំកម្ពុជា ព្រមទាំងសមាជិក-សមាជិកា សិស្សានុសិស្ស ប្រជាពលរដ្ឋសរុប ៤២៧នាក់។
លោក ខេន ឈុនគ័រ បានលើកឡើងថា ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ២០២០ ជាថ្ងៃគម្រប់ខួបទី៤១ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍របស់ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាលក្នុងរបបដ៏សាហាវយង់ឃ្នងបំផុត បើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
លោកបានបន្តថា លើមូលដ្ឋានជ័យជម្នះ ៧ មករា ប្រជាជនកម្ពុជាបានដណ្តើមមកវិញនូវភាពជាម្ចាស់លើមាតុភូមិ និងជោគវាសនារបស់ខ្លួន។ ប្រជាជនកម្ពុជាបានប្រសិទ្ធនាមជ័យជម្នះ ៧ មករា ថាជាថ្ងៃកំណើតទីពីររបស់ខ្លួន បើគ្មានជ័យជម្នះ ៧ មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ។ ជ័យជម្នះ ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់រូប និងជារបស់មនុស្សជាតិទាំងមូល ដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។
លោក ហ៊ុយ សាវឿន បានលើកឡើងថា មានថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ទើបមានអ្វីៗដូចសព្វថ្ងៃនេះ ដែលធ្វើឲ្យប្រទេសជាតិមានសន្តិភាពពាសពេញផ្ទៃប្រទេស ដូច្នេះហើយប្រជាជនកម្ពុជា ពិសេសប្រជាពលរដ្ឋនៅឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ សូមចូលរួមថែរក្សាសន្តិភាពដែលរកបានដោយការលំបាកនេះឲ្យបានគង់វង្សទៅមុខទៀត។
លោកសង្កត់ធ្ងន់ថា «សន្ដិភាព គឺជាកត្តាដ៏ចម្បងបំផុតក្នុងការធ្វើឲ្យប្រទេសមានការរីកចម្រើន និងការអភិវឌ្ឍ សូមអរគុណដល់សន្តិភាព»។
លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរំលឹកពីសមិទ្ធផល និងការលះបង់របស់អ្នកតស៊ូរំដោះជាតិ ដែលបានរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ទម្រាំបានជោគជ័យ និងមានសន្តិភាពដូចសព្វថ្ងៃនេះ។
លោកប្រធានបានឧបត្ថម្ភដល់យាយជីតាជីចំនួន ២០នាក់ ក្នុងម្នាក់ទទួលបានក្រណាត់សមួយដុំ សិស្សានុសិស្ស ១៣៦នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ ១ក្បាល ប៊ិច ២ដើម សមាជិកសរុប ៤២៧នាក់ ក្នុងម្នាក់ទទួលបាននំបុ័ង ១ដើម ព្រមទាំងបានឧបត្ថម្ភដល់លោក មាន កឺ អតីតប្រធានបក្សឃុំនូវថវិការ ១០ម៉ឺនរៀល ក្នុងនោះដែរ លោក ហ៊ុយ សាវឿន បានបឧត្ថម្ភដល់លោកមេភូមិទាំង៥ភូមិ ក្នុង១នាក់ទទួលបានថវិកា ៣ម៉ឺនរៀល ព្រមទាំងឧត្ថម្ភកម្មវីធីទាំងចំនួន១លានរៀលផងដែរ៕