(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ បានព្រមានទៅកាន់ក្រុមអគតិថា រាល់ការប៉ុងប៉ងធ្វើឱ្យកម្ពុជាឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ នីតិរដ្ឋ និងច្បាប់ ក៏ដូចជាការបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជន គឺជាទង្វើដ៏ស្មោកគ្រោកដែលពុំអាចទទួលយកបានដាច់ខាត។
ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ត្រូវបានធ្វើឡើងនាឱកាសរំឭកខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ ៧ មករា និងសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សិស្ស-និស្សិតប្រមាណជិត ១,៥០០នាក់ នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០។
នាឱកាសនោះ លោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្ស និងសម្តេចជាថ្នាក់ដឹកនាំគណបក្សទាំងអស់ប្រគេន និងជូនពរចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ ក៏ដូចជាប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យទាំងអស់។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានសម្តែងនូវការគោរពដឹងគុណ និងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះជនរួមជាតិទាំងអស់ ដែលតែងតែបានផ្តល់យុត្តិធម៌ ផ្តល់ជំនឿ និងផ្តល់ការគាំទ្រយ៉ាងធំធេងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្រ្តកម្ពុជា និងចំពោះកម្មាភិបាល យុទ្ធជន-យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានប្រយុទ្ធតស៊ូធ្វើពលីកម្មយ៉ាងអង់អាចក្លាហានបំផុតក្នុងបុព្វហេតុឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងវឌ្ឍនភាពនៃមាតុភូមិកម្ពុជា។
លោកថ្លែងបន្តថា ជ័យជម្នះ ៧ មករា បានសង្គ្រោះអាយុជីវិតប្រជាជនពីការកាប់សម្លាប់បានទាន់ពេលវេលា និងបាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត ដណ្តើមបានមកវិញនូវភាពជាម្ចាស់លើមាតុភូមិ និងជោគវាសនារបស់ខ្លួន និងបានប្រសិទ្ធនាមថ្ងៃជ័យជម្នះ ៧ មករា ថាជាថ្ងៃកំណើតទីពីររបស់ខ្លួន ជាសច្ចធម៌ប្រវត្តិសាស្រ្ត «បើគ្មានថ្ងៃជ័យជម្នះ ៧ មករា គ្មានការរស់រានមានជីវិត ហើយក៏គ្មានអ្វីៗទាំងអស់នៅថ្ងៃនេះឡើយ»។
លោកបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្ដេជ្ញាការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យជាតិ ទោះស្ថិតក្នុងកាលៈទេសៈ ស្ថានភាព និងទោះក្នុងតម្លៃណាក៏ដោយ។
លោកបានបញ្ជាក់ថា «រាល់ការប៉ុងប៉ងណាដែលធ្វើឲ្យកម្ពុជាឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ នីតិរដ្ឋ និងច្បាប់របស់កម្ពុជា គឺពុំអាចទទួលយកបានឡើយ ហើយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋកម្ពុជាកំពុងត្រូវបានគោរពថែរក្សា និងលើកកម្ពស់ឥតឈប់នៅក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា»។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងគណៈអធិបតីក៏បានចែកអំណោយជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលជានិវត្តជន គ្រួសារមានគុណបំណាច់ចំពោះជាតិមាតុភូមិចំនួន ១០០នាក់ ក្នុងម្នាក់ៗទទួលបានឃីតមួយកញ្ចប់ រួមមាន៖ មី ប្រេងឆា តែ ស្ករស អំបិលអ៉ីយ៉ូត កំសៀវទឹក ប្រេងកូឡា កៅអៀក ទឹកដោះគោ ពិល ក្រមា សារុង និងថវិកា២ម៉ឺនរៀល៕