(កំពង់ធំ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញដល់លោកគ្រូអ្នកគ្រូ ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការបង្រៀនសិស្សានុសិស្សឱ្យដិតដល់ ពិសេសត្រូវបង្កើនសមត្ថភាពរបស់ខ្លួន តាមបច្ចេកវិទ្យាទំនើប។
លោករដ្ឋមន្ត្រីដាស់តឿនបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីប្រកាសតែងតាំងលោក តាន់ ប៊ុនហុង ចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំថ្មីជំនួសលោក ជូ វុនធី ដែលត្រូវចូលនិវត្តន៍ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។ ពិធីនោះមានការចូលរួមពីលោក ឈន់ ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប្រាក់ សារ៉ាត អភិបាលរងខេត្ត និងដោយមានការអញ្ជើញចូលរួមមន្ត្រីរាជការ តំណាងឲ្យមន្ទីរជុំវិញខេត្តយ៉ាងច្រើនកុះករ។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក៏បានជំរុញឲ្យលោកគ្រូអ្នកគ្រូបង្រៀនសិស្សដោយយកចិត្តទុកដាក់ និងបង្កើនសមត្ថភាពរបស់ខ្លួនតាមបច្ចេកវិទ្យាទំនើប ជាពិសេសត្រូវពង្រឹងទៅលើអនុវិស័យកុមារតូច ដោយពង្រីកផ្ទៃសិក្សាសហគមន៍ នៅតាមមូលដ្ឋាននឹងផ្ដោតសំខាន់ ទៅលើសាលាកុមាមេត្រី ដោយគ្រប់គ្រងសាលាប្រកបដោយគុណភាព។
លោកបានបន្តទៀតថា ការការពារសុវត្ថិភាពផ្លូវចិត្ត ការពារម្ហូបអាហារការថែរក្សាកែលម្អបរិស្ថានសាលារៀន ដើម្បីជាភាពទាក់ទាញសិស្សានុសិស្សឲ្យបានចូលរៀននៅគ្រប់ភូមិសិក្សា ដោយផ្ដោតសំខាន់ទៅលើវិធីសាស្រ្តអំណានដំបូង ត្រូវចេះអាន សរសេរភាសាខ្មែរ ឲ្យបានច្បាស់លាស់។ ត្រូវតាមដានសភាពការណ៍ប្រចាំថ្ងៃ ជាពិសេសទៅលើមតិយោបល់របស់ប្រជាជន និងការវាយប្រហារចេញពីគ្រប់មជ្ឈដ្ឋាន និងបញ្ហាប្រឈមផ្សេងៗទៀត។ មន្ទីរ និងអង្គភាពក្រោមឱវាទ គួរមានបណ្តាញមួយ ដើម្បីទទួលនូវព័ត៌មាន និងសំណូមពររបស់សហគមន៍ សង្គមស៊ីវិល និងដៃគូទាំងអស់ ដើម្បីយកមកពិនិត្យ និងដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លោករដ្ឋមន្ត្រីបានណែនាំ ឱ្យបន្តអនុវត្តដំណើរការកែទម្រង់ដោយឆន្ទៈមុតស្រួច និងកាន់តែមានប្រសិទ្ធភាព ដោយគិតគូរអំពីការរៀបចំប្រព័ន្ធតាមដាន ត្រួតពិនិត្យមានភាពប្រទាក់ក្រឡាគ្នាគ្រប់ជ្រុងជ្រោយ និងសង្គតិភាពដែលគ្របដណ្តប់ លើគ្រប់វិស័យដោយមិនត្រូវមើលរំលង អំពីការពង្រឹងរដ្ឋបាលសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជារដ្ឋបាលទំនើប ស្អាតស្អំ និងប្រកបដោយគុណភាព ដើម្បីធានាសាមគ្គីភាព និងប្រសិទ្ធភាពស្ថាប័ន ការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការផ្តល់សេវាកាន់តែប្រសើរជូនប្រជាពលរដ្ឋក៏ដូចជាវិស័យឯកជន៕