(អូស្ត្រាលី)៖ ប្រជាពលដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអូស្រ្តាលីជាច្រើន បានអញ្ជើញមកទទួលស្វាគមន៍ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដល់ព្រលានយន្តហោះអន្តរជាតិ នារដ្ឋ Brisbane ប្រទេសអូស្រ្តាលី នាព្រឹកថ្ងៃទី១២ ខែមករានេះ ក្នុងពេលសម្តេចបានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា មកចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF នៅប្រទេសអូស្រ្តាលី។
ប្រជាពលរដ្ឋបានបង្ហាញការគោរព នឹករលឹក និងបានថ្លែងអំណរគុណ ចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានលះបង់កម្លាំងកាយ និងបញ្ញាចូលរួមរំដោះប្រទេសជាតិ ចេញពីរបបប៉ុលពត។ ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅឯនាយសមុទ្រ បានថ្លែងអំណរគុណសម្តេច និងឥស្សរជនថ្នាក់ដឹកនាំទាំងអស់ ដែលបានខិតខំកសាង អភិវឌ្ឍន៍ប្រទេសជាតិ មានសុខសន្តិភាព និងការអភិឌ្ឍដូចសព្វថ្ងៃ។
ប្រជាពលរដ្ឋរស់នៅរដ្ឋប្រីសបេន បានជម្រាបសម្តេចថា ពួកគាត់មិនចង់ឲ្យប្រទេសជាតិធ្លាក់ក្នុងសង្រ្គាមទៀតឡើយ ហើយពួកគាត់សូមគាំទ្រដល់ការដឹកនាំ របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលចេញពីឆន្ទះពលរដ្ឋនោះ។
សម្តេចពញាចក្រី ហេង សំរិន បានរំលឹកជម្រាបពលរដ្ឋពីដំណើរតស៊ូរបស់សម្តេច នៅក្នុងការរំដោះប្រទេសជាតិ ចេញពីរបបអាវខ្មៅប៉ុលពត តាមរយៈចលនាតស៊ូ ២ធ្នូ ១៩៧៨ ដែលនាំមកនូវជ័យជំនះលើពួកខ្មែរក្រហម នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩។
សូមជម្រាបថា បន្ទាប់ពីឈប់សម្រាកដើម្បីផ្លាស់ប្តូរ ជើងយន្តហោះ នៅ Brisbane នេះហើយ សម្តេចប្រធានរដ្ឋសភា និងបន្តដឹកនាំគណៈប្រតិភូ នឹងអញ្ជើញទៅកាន់ទីក្រុងកង់បេរ៉ា កន្លែងដែលប្រារព្ធកិច្ចប្រជុំ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF បន្តទៀត៕