(ភ្នំពេញ)៖ នៅម៉ោង៤៖៣៥នាទីល្ងាច ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើង នៅឃ្លាំងស្តុកទុកឈើមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្រុមទី០១ ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានម្ចាស់ ឈ្មោះ ចេង លីហេង ភេទប្រុស អាយុ៣៣ឆ្នាំ។ នេះបើការបញ្ជាក់របស់ សមត្ថកិច្ចការិយាល័យពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែមករានេះ។
បន្ទាប់ពីកើតករណីឆេះឃ្លាំងស្តុកឈើនេះ ភ្លាមៗមានការជួយអន្តរាគមន៍ ពីសមត្ថកិច្ចពន្លត់អគ្គិភ័យចំនួន៣៦គ្រឿង ដែលមកពីអង្គភាពផ្សេងគ្នាដូចជា៖ រថយន្តអគ្គិភ័យការិយាល័យ នគរបាលរាជធានីភ្នំពេញចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២១០ឡានស្មើនឹង១០១០ម៉ែត្រគូប, រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ឡានស្មើនឹង១៨ម៉ែត្រគូប, រថយន្តជំនួយកងរាជអាវុធហត្ថចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២០ឡានស្មើនឹង១៣០ម៉ែត្រគូប, រថយន្តជំនួយកងពលតូចលេខ៧០ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២០ឡាន ស្មើនឹង១១០ម៉ែត្រគូប, រថយន្តជំនួយក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២០ឡានស្មើនឹង១១០ម៉ែត្រគូប និងរថយន្តជំនួយក្រុមហ៊នស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៧ឡានស្មើនឹង៤២ម៉ែត្រគូប។
ករណីគ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញពន្លត់បានទាំងស្រុងនៅម៉ោង១៖០០នាទីយប់ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ហើយចំពោះមូលហេតុនៃការឆាបឆេះនេះ នៅមិនទាន់បញ្ជាក់នៅឡើយទេ ដោយកំពុងស្រាវជ្រាវ។
ចំពោះទំហំនៃការខូចខាតវិញ សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបានបំផ្លាញទាំងស្រុង ឃ្លាំងស្តុកទុកបាឡែតឈើ ទំហំ២០ម៉ែត្រគុណ៤០ម៉ែត្រ, ឆេះផ្ទះឈើប្រក់ស័ង្កសីទំហំ ០៦ម៉ែត្រគុណ២០ម៉ែត្រ អស់ចំនួន១ខ្នង, ឆេះបន្ទប់ជួលទំហំ០៣ម៉ែត្រគុណ០៤ម៉ែត្រចំនួន១៩បន្ទប់ និងឆេះរោលជញ្ជាំងផ្ទះថ្មបេតុងចំនួន០២ល្វែង (ឆេះរោលប្រហែល៤០%។ តែយ៉ាងណាចំពោះករណីនេះ មិនបណ្តាលឲ្យមនុស្សស្លាប់ និងរបួសនោះទេ៕