(បាត់ដំបង)៖ វិស័យអប់រំជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ទាំងរដ្ឋ និងឯកជនបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលក្នុងការជួយលើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិ ។
ជាក់ស្តែងវិស័យអប់រំឯកជន ក្រុមហ៊ុន ឌូវី អិនធើណេសិនណល បានធ្វើពិធីគម្រប់ខួប១០ឆ្នាំរបស់ខ្លួន នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំមជ្ឈមណ្ឌលសុភមង្គល ក្រោមអធិបតីភាពលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក ខែម រស្មី ស្ថាបនិកនៃសាលាចំណេះទូទៅអន្តរជាតិឌូវី និងជាអគ្គនាយកក្រុមហ៊ុនឌូវី អិនធើណេសិនណល ខេត្តបាត់ដំបង និងក្រុមប្រឹក្សាភិបាល មាតា បិតា អាណាព្យាលសិស្ស និស្សិតចូលរួមជាច្រើននាក់ផងដែរ។
លោក ខែម រស្មី បានបានថ្លែងនៅក្នុងពិធីអបអរសាទរគម្រប់ខួប១០ឆ្នាំ នៃការបង្កើតក្រុមហ៊ុន ឌូវី អិនធើណេសិនណល ដែលបានធ្វើឡើងនៅក្រុងបាត់ដំបង ដើម្បីបង្ហាញពីវឌ្ឍនភាព ក៏ដូចជាការលើកកម្ពស់វិស័យអប់រំ នៅខេត្តបាត់ដំបង ដែលកំពុងតែមានការរីកចម្រើន គួរឲ្យមោទនភាពទាំងវិស័យរដ្ឋនិងវិស័យឯកជន ក្នុងនោះក្រុមហ៊ុនឌូវី ក៏បានដើរតួនាទីដ៏សំខាន់ជាមួយអាជ្ញាធរគ្រប់់ជាន់ថ្នាក់ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិរហូតដល់មានសន្ទុះជឿនលឿន និងរីកលូតលាស់ ដោយផ្តល់សេវាកម្មធំៗដូចជា អប់រំនិងបណ្តុះបណ្តាល ពណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិច ទេសចរណ៍និងបដិសណ្ឋារកិច្ច និងសេវាហិរញ្ញវត្ថុជាដើម។
លោក អ៊ុយ រី បានបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡា បាននឹងកំពុងតែធ្វើកំណែទម្រង់វិស័យអប់រំ ដើម្បីធានាឱ្យបាននូវការបង្កើនគុណភាពអប់រំតាមរយៈ ការរឹតបន្ដឹងវិន័យ និងសីលធម៌យ៉ាងតឹងរឹង និងល្អហ្មត់ចត់បំផុតតាំងពីកម្រិតទាប រហូតដល់កម្រិតខ្ពស់ប្រកបដោយតម្លាភាព និងគណនេយ្យភាព ដើម្បីធានាឱ្យបាននូវប្រសិទ្ធិភាព ប្រសិទ្ធិផលខ្ពស់ សមដូចពាក្យស្លោកដែលបានដាក់ចេញដោយក្រសួងអប់រំយុវជន និងកីឡាគឺអ្នករៀនគឺចេះ អ្នកចេះគឺជាប់។
លោកបានបន្តទៀតថា ប្រទេសមួយដែលអាចមានការរីកចម្រើនគ្រប់វិស័យ ទៅបានលុះត្រាតែធនធានមនុស្សរបស់ប្រទេសនោះ មានគុណភាពខ្ពស់និងមានសន្ទុះរីកចម្រើនខ្លាំង លើគ្រប់ជំនាញទាំងអស់ ព្រោះសម័យនេះជាសម័យវិទ្យាសាស្រ្ត សម័យបច្ចេកវិទ្យា ដូច្នេះមានតែការអភិវឌ្ឍកម្មវិធីសិក្សាឱ្យស្របទៅតាមការរីចម្រើន របស់ពិភពលោកតែប៉ុណ្ណោះ ដែលអាចជួយឱ្យប្រទេសរបស់យើង ដើរទាន់ពិភពលោក ដែលកំពុងតែរីកចម្រើននេះ ។
លោក ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង បានបង្ហាញថា ក្នុងសម័យបច្ចេកវិទ្យានេះការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ ការធ្វើពិសោធន៍ និងការបង្កើតថ្មី ពិតជាមានសារៈសំខាន់មិនអាចខ្វះបាន តែទន្ទឹមនឹងនេះដែរ វិទ្យាសាស្ត្រដែលខ្វះសីលធម៌ វានាំមកនូវគ្រោះថ្នាក់ដល់ប្រទេសជាតិ ក៏ដូចជាពិភពលោកផងដែរ ដូច្នេះក្នុងសម័យវិទ្យាសាស្ត្រនេះ យើងត្រូវចេះរស់នៅជាមួយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដោយវៃឆ្លាត គឺត្រូវចេះថែរក្សាបរិស្ថាន និងគិតគូរពីសុវត្ថិភាពចំណីអាហារផងដែរ ទើបអាចមានសុខភាពល្អ និងរស់នៅបានសុខជាមួយនឹងពិភពលោកទំនើបនេះ ។
លោក អ៊ុយ រី បានបញ្ជាក់ថា ក្នុងរយៈកាល១០ឆ្នាំកន្លងមកនេះ សង្កេតឃើញថា ក្រុមហ៊ុន ឌូវី អិនធើណេសិនណល ផ្នែកអប់រំនិងបណ្តុះបណ្តាលនេះ ពិតជាបានរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងធនធានមនុស្ស ជាមួយរាជរដ្ឋាភិបាល និងទទួលបានលទ្ធផលគួរជាទីមោទនៈបំផុត នៅលើទឹកដីនៃខេត្តបាត់ដំបង ព្រមទាំងបានចូលរួមជួយលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងយើង តាមរយៈការបំបាត់នូវភាពអវិជ្ជា និងអនក្ខរភាពក្នុងសង្គមទាំងមូលថែមទៀតផង៕