(កណ្ដាល)៖ លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW-កម្ពុជាបានអះអាងថា ក្នុងរយៈពេល៣-៥ឆ្នាំខាងមុខវិស័យដីធ្លី ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នឹងមានសក្ដានុពលខ្លាំង ដូចវិស័យដីធ្លី ក្នុងតំបន់ភ្នំពេញថ្មី រាជធានីភ្នំពេញ។
លោកអះអាងយ៉ាងដូច្នេះថា «កត្តាដែលធ្វើឲ្យវិស័យដីធ្លី នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាលរីកធំធាត់ និងមានសក្ដានុពលខ្លាំង ដូចតំបន់ភ្នំពេញថ្មី គឺអាស្រ័យលើហេតុផលដូចជា៖ កត្តាផ្លូវ បច្ចុប្បន្នផ្លូវ៦០ម៉ែត្រ និងផ្លូវ៥០ម៉ែត្រ ដែលជាផ្លូវឆ្ពោះមកកាន់ខេត្តកណ្ដាល បានសាងសង់រួចរាល់ ចំណែកឯផ្សារទំនើបអ៊ីអន ទី៣ និងព្រលានយន្ដហោះថ្មី ក៏បានត្រៀមសាងសង់ នៅខេត្តកណ្ដាលនេះផងដែរ។ ទាំងនេះមានន័យថា នៅពេលដែលបញ្ជាប់រួចរាល់នៅការសាងសង់ តំបន់នេះនឹងមានសក្ដានុពលកាន់តែខ្លាំង»។
ការលើកឡើងបែបនេះ របស់លោកបណ្ឌិត គីម ហ៊ាង ធ្វើឡើងក្នុងឱកាស លោកអញ្ជើញចូលរួម ក្នុងកម្មវិធីសម្ពោធលំនៅដ្ឋានកំពង់សំណាញ់ ក្រុងតាខ្មៅ ដែលរៀបចំឡើងក្រោមការចូលរួមពី លោកឧកញ៉ា សុខ ស្រស់ ម្ចាស់លំនៅដ្ឋានកំពង់សំណាញ់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ។
លោកបណ្ឌិត គីម ហ៊ាង បានបន្ដថា «បើនិយាយលើតម្លៃនៅតំបន់ភ្នំពេញថ្មី ១ការ៉េតម្លៃប្រមាណ១ពាន់ដុល្លារ ចំណែកឯនៅតាខ្មៅតម្លៃប្រមាណជា២០០ដុល្លារប៉ុណ្ណោះ ប៉ុន្ដែខ្ញុំអាចសន្និដ្ឋានបានថា ៥ឆ្នាំក្រោយតំបន់នេះ អាចឡើងតម្លៃដល់១ពាន់ដុល្លារ ដោយផ្អែកលើហេតុផលខាងលើនេះ»។
លោកបណ្ឌិតបន្ថែមថា ជាក់ស្ដែងដូចលំនៅដ្ឋានកំពង់សំណាញ់នេះ ជាទីតាំដ៏ល្អសម្រាប់អតិថិជន ដោយមានទីតាំងស្ថិតនៅចំកណ្ដាល នៃក្រុងតាខ្មៅ និងរាជធានីភ្នំពេញ។ ម្យ៉ាងវិញទៀតចម្ងាយលំនៅដ្ឋានកំពង់សំណាញ់ និងអ៊ីអនទី៣មានត្រឹមតែ៧គីឡូម៉ែត្រប៉ុណ្ណោះ។
លោកបណ្ឌិតបញ្ជាក់ថា «សម្រាប់លំនៅដ្ឋានកំពង់សំណាញ់នេះ ក្នុងរយៈពេល៣-៥ឆ្នាំក្រោយខ្ញុំអាចនិយាយបានថា នឹងដូចទៅនឹងតំបន់ភ្នំពេញថ្មី នៅភ្នំពេញអីចឹងដែរ។ ៣-៥ឆ្នាំក្រោយបន្ទាប់ពី សាងសង់ព្រលានយន្ដហោះថ្មីរួច លំនៅដ្ឋានកំពង់សំណាញ់នេះនឹងមាន តម្លៃដូចនឹងភ្នំពេញថ្មី នៅពេលបច្ចុប្បន្ននេះ»។
លោកឧកញ៉ា សុខ ស្រស់ បានបង្ហាញសក្ដានុពល អំពីលំនៅដ្ឋានកំពង់សំណាញ់ ដោយលោកថា ការសាងសង់លំនៅដ្ឋានកំពង់សំណាញ់នេះ ធ្វើឡើងដើម្បីបំពេញតម្រូវការអតិថិជន និងតំពេញតម្រូវការលើផ្នែកទីផ្សារផ្នែកអចលនទ្រព្យនេះ៕