(ស៊ីដនី)៖ ដោយមានការចង្អុលបង្ហាញពីលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណ:អចិន្រ្តៃយ៍គណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជននៅក្រៅប្រទេស។ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅទីក្រុងស៊ីដនីប្រទេសអូស្រ្តាលីបានរៀបចំកម្មវិធីអបអរសាទរជួបជុំមហាគ្រួសារខ្មែរ ក្នុងឱកាសគំរប់ខួបលើកទី៤១ នៃទិវាមហាជ័យជំនះ ៧មករា ( ៧មករា ១៩៧៩-៧ មករា ២០២០) ដែលរៀបចំឡើងដោយលោក ហួរ ហាប់ អនុប្រធានក្រុមការងារអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្រ្តាលី ណូវ៉ែលហ៊្សេឡង់ និង ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់៣ទីក្រុងស៊ីដនី និងក្រុមការងារ ក្រោមអធិបតីភាពលោក ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលី ណូវ៉ែលហ៊្សេឡង់ និង មានការចូលរួមពី បងប្អូនប្រជាពលរដ្ឋខ្មែរនៅទីនោះ ចំនួន៦៥២នាក់។
ក្នុងឱកាសនោះ ហួរ ហាប់ បានលើកឡើងថា ឆ្នាំនេះប្រជាជនកម្ពុជាទូទាំងប្រទេស សម្តែងក្តីសប្បាយរីករាយចូលរួមអបអររំឭកខួបអនុស្សាវរីយ៍ទី៤១ នៃទិវាជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រ (៧ មករា ១៩៧៩ - ៧ មករា ២០២០) ជាមួយរាល់សមិទ្ធផលដែល យើងសម្រេចបានក្នុងរយៈពេល៤១ឆ្នាំកន្លងទៅ ជាពិសេសជោគជ័យធំៗជាច្រើន ដែលយើងសម្រេចបានក្នុងឆ្នាំ២០១៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ឆ្នើម។
មហាជ័យជម្នះ បានសង្គ្រោះជាតិឲ្យរស់ឡើងវិញទាន់ពេលវេលា ប្រជាជនកម្ពុជាដណ្តើមបានមកវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ក្លាយជាម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដ។ កម្ពុជាបានបើកឡើងនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ប្រជាជនកម្ពុជាបានទទួលស្គាល់បានឯកភាពគ្នា ប្រសិទ្ធនាមថា ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកំណើតទីពីររបស់ខ្លួន។ បើគ្មានជ័យជម្នះ ៧ មករា គឺយើងគ្មានអ្វីៗនៅថ្ងៃនេះដែរ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជនណាឬកម្លាំងណាអាចមកបំភ្លៃ ឬបំផ្លាញបានឡើយ។
លោក ហួរ ហាប់ ក៏បានរំលេចអំពីអត្ថន័យទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា និង នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជាមានសន្តិភាពពេញលេញក្រោយឆ្នាំ១៩៩៨។ ជាពិសេសអត្ថន័យ នៃការចូលរួមគាំទ្រសារនយោបាលរបស់សម្តេចតេជោ «អរគុណសន្តិភាព» ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ។
លោកបានថ្លែងនូវសេចក្តីកោតសរសើរយ៉ាងស្មោះស័្មត្រ ជូនចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ជាពិសេសសម្តេចតេជោអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិតិ្តយសគណបក្ស និង សម្តេចអនុប្រធានគណបក្សទាំងពីរ ដែលបានបូជាកំលាំងកាយ បញ្ញា ស្មារតី ដើម្បីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបានដឹកនាំកសាងនាវាកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសឈានជាបណ្តើរៗ ទៅកាន់ភាពថ្កុំថ្កើនរុងរឿង ល្បីល្បាយ ក្នុងពិភពលោក។
សម្តេច ជានិច្ចកាលតែងតែគាំទ្រដល់ដំណើរការសកម្មភាពការងារ របស់ក្រុមការងារយុវជនក្រៅប្រទេស ដែលក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ជាក់ស្តែង ទទួលបានលទ្ធផលគួរជាទីមោទនៈនៅថ្ងៃនេះ៕