(បាត់ដំបង)៖ រយៈពេល ៤១ឆ្នាំហើយដែលរបបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ ប៉ុល ពត, ខៀវ សំផន, នួន ជា, អៀង សារី និងក្រុមមេដឹកនាំខ្មែរក្រហមដទៃទៀត ត្រូវបានដួលរលំទាំងស្រុង និងគ្មានថ្ងៃត្រឡប់មកវិញនោះឡើយ ក្រោមចលនាតស៊ូរំដោះជាតិពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងឥស្សរជនខ្មែរជាច្រើនរូប ដែលអ្នកខ្លះបានពលីជីវិតទៅហើយ។ ថ្ងៃជ័យជម្នះ៧ មករា ក៏ថ្ងៃដែលប្រជាពលរដ្ឋខ្មែរបានរស់ផុតពីរបបវាលពិឃាត ហើយបានមករស់នៅក្រោមដំបូលសន្តិភាពដ៏រឹងមាំរហូតមកដល់ពេលនេះ។
ប្រជាពលរដ្ឋរស់នៅឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បានបង្ហាញការស្ញប់ស្ញែងសសើរចំពោះថ្ងៃ៧ មករា ដែលបានធ្វើឱ្យរូបលោក រួមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស បានរួចផុតការកាប់សម្លាប់របស់ខ្មែរក្រហម ហើយទុក្ខវេទនា ក្តីឈឺចាប់របស់ប្រជាពលរដ្ឋនៅក្នុងរបបប្រល័យពូជសាសន៍នេះ ទោះបីបានរសាត់បាត់ ទៅអស់រយៈពេលប្រមាណ ៤១ឆ្នាំទៅហើយក្តី ការចងចាំនៅតែដក់ជាប់ជានិច្ចនៅក្នុងចិត្តរបស់ប្រជាពលរដ្ឋ ដែលបានឆ្លងកាត់នៅក្នុងរបបមួយនេះ។
ពលរដ្ឋទាំងនេះ បានចាត់ទុកថា ជីវិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺរស់ទាំងភិតភ័យ និងមិនដឹងជាខ្លួនត្រូវគេយកទៅសម្លាប់នៅថ្ងៃណានោះឡើយ។ របបកម្ពុជាប្រជាធិបតេយ្យរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺជារបបមួយដែលបានធ្វើទុក្ខទារុណកម្ម បំបិទសិទ្ធិសេរីភាព និងកាប់សម្លាប់យ៉ាងឃោរឃៅជាទីបំផុត ដែលលោកមិនអាចបំភ្លេច បានទេចំពោះអំពើឃោឃៅបែបនេះ។ ប្រជាពលរដ្ឋខ្មែរចាស់ក្មេងជិត ២លាននាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងរបបមួយនេះ ដោយសារតែការធ្វើទារុណកម្ម ការអត់ឃ្លាន ការឈឺស្កាត់ និងការកាប់សម្លាប់ក្រោមការចោទប្រកាន់ថា ជាខ្មាំង។
ក្រុមប្រជាពលរដ្ឋ ដែលបានឆ្លងកាត់ និងរស់រានមានជីវីតរួចផុតពីរបបនេះ មិនភ្លេចគុណបំណាច់ថ្ងៃ ៧ មករា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ហើយបន្ទាប់ពីបានរស់នៅយ៉ាងសុខសាន្តនេះ បច្ចុប្បន្ននេះទោះបីលោករវល់នឹងការងារយ៉ាងណាក៏ដោយ ក៏លោកឆ្លៀតមកចូលរួមអបអរទិវាជ័យជម្នះ ៧ មករា ដែលជាថ្ងៃកំណើតទី២ របស់លោក និងប្រជាជនកម្ពុជាទូទាំងប្រទេស
ការរៀបរាប់របស់ប្រជាពលរដ្ឋទាំងនេះ បានធ្វើឡើងនៅក្នុងទិវាអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ៧ មករា ១៩៧៩ នាព្រឹកថ្ងៃទី១១ ខែ មករា ឆ្នាំ២០២០ នៅទីស្នាក់បក្សឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រោមវត្តមានលោក លី ឌីនូរី តំណាងឲ្យលោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកថ្មគោល ដោយមានការចូលរួមពីលោក នឹម ស៊ីណាត និងលោក សឹង ណៃទីប្រឹក្សាក្រសួងសង្គមកិច្ច ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិសរុបប្រមាណ ១០០នាក់។
បន្ទាប់ពីនិមន្តព្រះសង្ឃសូត្រធម៌បង្សុកូលឧទ្ទិសកុសលជូនដល់បុព្វការីជន ថ្នាក់ដឹកនាំ កម្មាភិបាល វីរជន យុទ្ធជនស្នេហាជាតិ និងប្រជាពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត រួចមក លោក លី ឌីនូរី បានរម្លឹកដឹងគុណដល់វីរជន កម្មាភិបាលយុទ្ធជនស្នេហាជាតិ ដែលពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ បានធ្វើឲ្យប្រទេសជាតិត្រូវបានរំដោះផុត ពីរបបប្រល័យ ពូជសាសន៍ខ្មែរក្រហមបានឈានដល់ មានសុខសន្តិភាពពេញលេញ និងមានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សផងដែរ។
លោក លី ឌីនូរី បានបញ្ជាក់ថា បើមិនមានរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម បានរំដោះប្រទេសជាតិបានរួចផុត ពីរបបប្រល័យពូជសាសន៍ជាតិឯងបានទាន់ពេលវេលានោះទេ នោះនឹងមិនមានថ្ងៃ៧ មករា នោះឡើយ ដោយសារមានថ្ងៃ៧ មករានេះហើយ ទើបមានអ្វីៗទាំងអស់ដល់សព្វថ្ងៃនេះ។
លោកបានប្តថា «យើងត្រូវចងចាំជានិច្ចថ្ងៃ៧ មករា ជាថ្ងៃប្រវត្តិសាស្រ្តកម្ពុជា ធ្វើឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍មានការរីកចំរើនខ្លាំងក្រោមដំបូលសន្តិភាពគួរឲ្យគាត់សម្គាល់
សូមអរគុណសន្តិភាព មានតែគណបក្សប្រជាជនកម្ពុជា១គត់ ដែលបានរំដោះ និងរក្សាសន្តិភាពជូនប្រជាជនកម្ពុជាបានយូរជាងគេ។
លោក លី ឌីនូរី បានថ្លែងទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងដោយបានអនុវត្តនយោបាយឈ្នះឈ្នះបង្រួបបង្រួមជាតិខ្មែរតែមួយ ឲ្យរស់នៅក្រោមម្លប់សន្តិភាពដោយទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ។ ជាក់ស្តែងពេលនេះជាថ្ងៃគម្រប់ខួបលើកទី៤១ នៃទិវាជ័យជម្នះ៧ មករា (១៩៧៩-២០២០) បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាព និងមានអ្វីៗគ្រប់បែបយ៉ាង នាពេលបច្ចុប្បន្នផងដែរ។
នាក្នុងឱកាសនោះដែរ គណៈអធិបតីក៏បានរៀបចំបាយសាមគ្គី១ពេល ដល់អ្នកចូលរួមទាំងអស់ផងដែរ៕