(ភ្នំពេញ)៖ តាមផែនការដែលគ្រោងទុក ការនាំចេញផ្លែស្វាយស្រស់ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូង លើកដំបូងជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ សប្ដាហ៍ក្រោយនេះ។
លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានកាពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះថា ពិធីនាំចេញជាផ្លូវការ ផ្លែស្វាយស្រស់ ទៅកាន់ប្រទេសកូរ៉េខាងត្បូង នឹងត្រូវរៀបចំឡើង នៅទីតាំងក្រុមហ៊ុន Hyundia Mao legacy ដែលមានទីតាំងនៅត្រែងត្រយឹង ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយជាង៨០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
មន្ដ្រីជាន់ខ្ពស់អគ្គនាយកដ្ឋានកសិកម្មរូបនេះ បានបញ្ជាក់ថា ពិធីសម្ពោធនាំចេញផ្លែស្វាយពីកម្ពុជា ទៅកាន់កូរ៉េខាងត្បូងនេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត។
យ៉ាងណាក៏ដោយមន្ដ្រីដដែលរូបនេះ មិនអាចបញ្ជាក់អំពីចំនួនផ្លែស្វាយស្រស់ ដែលនឹងនាំចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូង ជាលើកដំបូង ថាមានចំនួនប៉ុន្មានតោននោះឡើយ ខណៈដែលក្រុមការងារកំពុងតែមមាញឹកបំពេញនីតិវិធី សម្រាប់ការនាំចេញនៅថ្ងៃសម្ពោធនោះ។
សូមជម្រាបថា កម្ពុជាអាចប្រមូល បានផ្លែស្វាយប្រមាណជា៤លានតោន ក្នុងមួយឆ្នាំលើផ្ទៃដាំដុះប្រមាណជា១០ម៉ឺនហិកតា។ របាយការណ៍របស់ក្រសួងកសិកម្ម បានបញ្ជាក់ថា នៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ជិត៦ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ថៃ សិង្ហបុរី បារាំង រុស្ស៊ី និងចិន។
តាមការគ្រោងទុក បន្ទាប់ពីអាចនាំចេញផ្លែស្វាយ ទៅកាន់ប្រទេសកូរ៉េខាងត្បូងហើយនោះ នៅឆ្នាំ២០២០នេះ កម្ពុជាក៏នឹងចុះកិច្ចព្រមព្រៀងនាំចេញផ្លែស្វាយជាផ្លូវការ ទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏ធំសម្រាប់កម្ពុជាផងដែរ៕