(ចិន)៖ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងកម្មវិធីបិទ វគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកវិទ្យា 5G សម្រាប់មន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ដែលរៀបចំដោយបណ្ឌិត្យសភាបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃសាធារណរដ្ឋចិន (ហៅកាត់ថា CAICT) នាទីក្រុងប៉េកាំង។
CAICT គឺជាវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ ស្ថិតក្រោមក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន (MIIT) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៧។ CAICT បាននឹងកំពុង ផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះយុទ្ធសាស្ត្រផែនការ គោលនយោបាយ ស្តង់ដាការសាកល្បង និងវិញ្ញាបនប័ត្រ សម្រាប់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងព័ត៌មាន និងកម្មវិធីព័ត៌មានវិទ្យា នៅក្នុងប្រទេសចិន។
វគ្គបណ្តុះបណ្តាលខ្លី ស្តីអំពីបច្ចេកវិទ្យា 5G ដែលរៀបចំដោយ CAICTនេះ គឺធ្វើឡើងក្នុងគោលបំណងចែករំលែក នូវបទពិសោធន៍ដល់មន្រ្តីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ស្តីអំពីគោលនយោបាយ សម្រាប់ការគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យា 5G និងបច្ចុប្បន្នភាពចុងក្រោយ នៃបទពិសោធន៍អំពីការដាក់ពង្រាយ 5G របស់សាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសមួយចំនួនទៀត។
ការបណ្តុះបណ្តាលរយៈពេល៥ថ្ងៃ បានលើកឡើងនូវប្រធានបទជាច្រើនដូចជា យុទ្ធសាស្រ្តនៃបច្ចេកវិទ្យា 5G និងការអភិវឌ្ឍឧស្សាហកម្មជាសាកល និងសម្រាប់ប្រទេសចិន ប្រធានបទស្តីអំពីស្តង់ដា និងបច្ចេកវិទ្យា 5G ការចែករំលែកហេដ្ឋារចនាសម្ព័ន្ធ 5G ផែនការនិងការគ្រប់គ្រងវិសាលគមន៍ (Spectrum) សន្តិសុខអ៊ិនធឺណិត នៃប្រព័ន្ធ 5G និងសេវាកម្ម និងកម្មវិធីផ្សេងៗនៃបច្ចេកវិទ្យា 5G។ ក្រៅពីនោះវគ្គបណ្តុះបណ្តាល ក៏មានការចូលរួមពីសំណាក់តំណាងក្រុមហ៊ុន China Unicom និង China Telecom ដើម្បីចែករំលែកនូវបទពិសោធន៍របស់ពួកគេ អំពីការដាក់ពង្រាយប្រព័ន្ធ 5G ជាផ្លូវការនៅក្នុងប្រទេសចិន។
លោកសុខ ពុទ្ធិវុធ ក៏បានជួបពិភាក្សាការងារជាមួយលោក Lu Jianwen អគ្គនាយករងនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន (MIIT), លោកស្រី Wang Zhiqin អនុប្រធាននៃ CAICT និងលោក Victor Zhang អគ្គនាយកបច្ចេកទេសនៃក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ដែលនេះជាកិច្ចពិភាក្សាស៊ីជម្រៅ ស្តីអំពីគំរូនៃការអភិវឌ្ឍបច្ចេកវិទ្យា 5G នៅកម្ពុជា តាមទស្សនៈនៃក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បណ្ឌិត្យសភាបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានចិន(CAICT) និងក្រុមហ៊ុន Huawei។
លោក សុខ ពុទ្ធិវុធ បានឱ្យដឹងថា បច្ចេកវិទ្យា 5G គឺជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដ៏សំខាន់ក្នុងការកសាងបណ្តាញតភ្ជាប់ដ៏ពេញលេញ និងវៃឆ្លាតនៅក្នុងប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាជំរុញឱ្យមានផែនទីបង្ហាញផ្លូវនៃការរៀបចំប្រព័ន្ធ 5G (5G roadmap) និងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងឆ្នាំ២០២០នេះ។ វគ្គបណ្តុះបណ្តាល 5G ពិតជាមានប្រយោជន៍សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើសេចក្តីព្រាងផែនការរៀបចំ គ្រប់គ្រងគោលនយោបាយ និងបទប្បញ្ញត្តិសម្រាប់ប្រព័ន្ធ 5G លោកជឿជាក់ថា 4G ផ្លាស់ប្តូរជីវិតចំណែក 5G នឹងផ្លាស់ប្តូរសង្គមទាំងមូល។
លោកបានបន្ថែមទៀតថា នៅប៉ុន្មានខែខាងមុខនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) នឹងធ្វើការលើការរៀបចំផែនទីបង្ហាញផ្លូវ សម្រាប់បច្ចេកវិទ្យា 5G (5G roadmap) និងប្តេជ្ញាជំរុញការអភិវឌ្ឍប្រព័ន្ធ 5G នៅឆ្នាំ២០២០ សម្រាប់ប្រទេសកម្ពុជា។ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងភាពចាស់ទុំនៃខ្សែសង្វាក់ឧស្សាហកម្ម 5G នឹងមិនត្រឹមតែជំរុញការផ្លាស់ប្តូរ និងការធ្វើឱ្យឧស្សាហកម្មបែបប្រពៃណី មានភាពប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងចូលរួមបង្កើតមុខជំនួញថ្មី ជាច្រើនទៀតផងដែរ។ បច្ចេកវិទ្យា5G បានក្លាយជាកំលាំងថាមពលថ្មីមួយទៀត ដែលអាចឱ្យយើងអាចទាញយក នូវបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលជាកត្តាជំរុញមួយក្នុងការសម្រេច ចក្ខុវិស័យ២០៥០ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់។
លោក សុខ ពុទ្ធិវុធ និងគណៈប្រតិភូបានអញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលពិព័រណ៍ R&D (Executive Briefing Center) នៃក្រុមហ៊ុន Huawei នៅទីក្រុងប៉េកាំង។ ក្រុមហ៊ុន Huawei បានបង្ហាញនូវផលិតផល និងដំណោះស្រាយចុងក្រោយនៃប្រព័ន្ធ 5G និងបទបង្ហាញស្តីអំពីបទពិសោធន៍នៃបច្ចេកវិទ្យា 5G សម្រាប់ទីផ្សារពិភពលោក។ នៅពេលទស្សនកិច្ចនោះគណ:ប្រតិភូកម្ពុជាបានស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យា5G នៅក្នុងវិស័យផ្សេងៗដូចជា ទីក្រុងឆ្លាតវៃ ការអប់រំឆ្លាតវៃ សុខាភិបាលឆ្លាតវៃ សន្តិសុខសណ្តាប់ធ្នាប់ និងវិស័យផ្សេៗទៀត ដែលបច្ចេកវិទ្យានេះ នឹងជួយដល់ការបង្កើនប្រសិទ្ធភាពការងារ និងគុណភាពនៃជីវិត នាពេលអនាគត៕