(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញប្រគល់ផ្ទះចំនួន ១២៩ខ្នង ដល់អតីតយុទ្ធជន, បញ្ចុះបឋមសិលាសាងសង់អគារសិក្សា០១ខ្នង មាន៦បន្ទប់ នៅទីតាំងដីសម្បទានសង្គមកិច្ច២២២២ហិកតា និងសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវលំ១ខ្សែដែលមានប្រវែង ៤៥០០ម៉ែត្រ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ថ្លែងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងពាំនាំបណ្តាំសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ដែលឈរជើងក្នុងមូលដ្ឋានភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាស្រលាញ់សន្តិភាព ថែរក្សាការពារសន្តិភាព សម្រាប់ប្រទេសជាតិ ដើម្បីមានឱកាសអភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើនរុងរឿងលឿនទៅមុខ។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថា ក្រោមយុទ្ធសាស្រ្តរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានបញ្ចប់សង្រ្គាមស៊ីវិលដោយខ្លួនឯង រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ធ្វើឱ្យប្រជាពលរដ្ឋបាននឹងនចិត្តរស់យ៉ាងសុខសាន្ត សុខដុមរមនា ប្រព័ន្ធជំនួយសង្គម ផ្តល់ការគាំពារទៅលើកុមារ ស្រ្តីមានផ្ទៃពោះ ជនពិការ ជនចាស់ជរាគ្មានទីពឹង និងប្រព័ន្ធសន្តិសុខសង្គម លើកកម្ពស់ជីវភាពគ្រួសារនិវត្តន៍ជន អតីតយុទ្ធជន។
ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងសំណូមពរដល់មហាគ្រួសារអ្នកបន្ទាយមានជ័យទាំងអស់ សូមបន្តថែរក្សាការពារសន្តិភាព ជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តដំណើរអភិវឌ្ឍន៍រីកចម្រើន បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។
ជាមួយវប្បធម៌ចែករំលែក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានផ្តល់ផ្ទះ១២៩ខ្នង ផ្ទះនិងពាំនាំនូវអំណោយ ផ្តល់ជូនដល់ជូនគ្រួសារអតីតយុទ្ធជន ដែលបានចូលមករស់នៅក្នុងដីម្បទានសង្គមកិច្ចនេះ មានចំនួន១២៩ខ្នងផ្ទះ ក្នុង១ខ្នងផ្ទះទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស មុង ភួយ កន្ទេល ប្រេងឆា ទឹកស៊ីអ៊ីវ ទឹកត្រី អំបិលអ៊ីយ៉ូត សារុង ចង្ក្រានដី ឆ្នាំងដាំបាយ ឆ្នាំងសម្ល កំសៀវដាំទឹក ចានដែក ចានបាយ-សម្ល ស្លាបព្រាសម, ពិលសូឡា និងថវិកា១០ម៉ឺនរៀល។
ផ្តល់ជូនប្រជាពលរដ្ឋចូលរួមចំនួន២០៦នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា២ម៉ឺនរៀល, ឧបត្ថម្ភសម្រាប់ធ្វើបង្គង់អនាម័យ ចំនួន៩០កន្លែង ១កន្លែងទទួលបាន គម្រប១ ចានបង្គន់១ លូ៤កង់, ឧបត្ថម្ភលូដាក់មុខផ្ទះ ចំនួន៦៦កន្លែង ១កន្លែងៗទទួលបាន លូ៤កង់, ជួយសាងសង់អគារ សិក្សាមួយខ្នង មាន៦បន្ទប់, ជួយសាងសង់មណ្ឌលសុខភាព០១ខ្នង, ឧបត្ថម្ភកងរាជអាវុធហត្ថស្រុក នគរបាលស្រុក យោធាសឹករងស្រុក ពេទ្យក្រុមជាងទាំង៣ក្រុម ក្នុង១អង្គភាពៗ ទទួលបានថវិកា៥០ម៉ឺន, ឧបត្ថម្ភថវិកា១លាន ៨សែនរៀល ដល់ក្រុមយុវជនមកពីបីស្រុកស្វាយចេក ថ្មពួក និងស្រុកភ្នំស្រុក, ជួយសាងសងផ្ទះជូនអតីតយុទ្ធជនចំនួន៣៦ខ្នង និងផ្តល់អណ្តូងទឹកចំនួន២២៕