(តាកែវ)៖ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកព្រៃកប្បាស និងជាប្រធានក្រុមការងារចុះជួយឃុំពោធិ៍រំចាក និងជាតំណាងលោកបណ្ឌិត ពេជ សោភ័ន សហប្រធានក្រុមការងារចុះជួយ ស្រុកព្រៃកប្បាសគឺលោក ហេង សួរ បានចាត់ទុកថ្ងៃជ័យជម្នះ ៧ មករា គឺជាប្រវត្តិសាស្ត្រ ដែលប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញ និងបានធ្វើដំណើរទៅមុខលើមាគ៌ាមួយដ៏ត្រឹមត្រូវ ប្រកបដោយភាពជាម្ចាស់ លើជោគវាសនារបស់ខ្លួន ក្រោមដំបូលសន្តិភាពក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីអបអរសាទរយ៉ាងក្លៀវក្លាខួបអនុស្សាវរីយ៍លើកទី៤១ ៧ មករា នៅឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នេះ លោក ហេង សួរ បានថ្លែងទៀតថា ៤១ឆ្នាំកន្លងទៅនេះ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសបានសាមគ្គីគ្នា ពួតដៃគ្នា ហើយការពុះពារប្តូរផ្តាច់ជំនះគ្រប់ឧបសគ្គ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដោយបានកែប្រែមាតុភូមិកម្ពុជា ពីគំនរផេះផង់ឲ្យឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ លើគ្រប់វិស័យ និងប្រកបដោយមោទនភាពបំផុត។
ម្យ៉ាងទៀត ប្រជាជនកម្ពុជាបានចងចាំថា ថ្ងៃនេះកាលពី ៤១ឆ្នាំ មុនគឺជាប្រវត្តិសាស្ត្រដែលវីរនារី វីរយុទ្ធជនយើងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានក្រោកឡើងធ្វើការតស៊ូផ្ដួលរំលំ របបប្រល័យពូជសាសន៍របស់បន ប៉ុល ពត សង្គ្រោះជាតិប្រទេសជាតិ និងប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាល នៃរបបដ៏សាហាវយង់ឃ្នងបំផុត បានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុត នៃប្រទេសកម្ពុជា ហើយបានបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍនភាពសង្គម។
លោក ហេង សួរ បានបន្តថា «បើទោះបីជាបច្ចុប្បន្ននេះ ប្រជាជនកម្ពុជា កំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមពន្លឺនៃសន្តិភាព និងការអភិវឌ្ឍយ៉ាងណាក៏ដោយ ក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ច នូវអតីតកាលដ៏ឈឺចាប់ និងខ្មៅងងឹតបំផុតរបស់ជាតិ ដែលបណ្តាលមកពីភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងបំផុត»។
ប្រជាពលរដ្ឋទូទាំងប្រទេស ប្ដេជ្ញាការពារឲ្យបានសុខសន្តិភាព និងឈរនៅពីក្រោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យ សប្បូរសប្បាយជានិច្ចតរៀងទៅ។ នេះជាការបញ្ជាក់បន្ថែមពីលោក ហេង សួរ៕