(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម និងជាអភិបាលខេត្តលោក អ៊ុន ចាន់ដា បានទទួលសមាជិកថ្មីចំនួន ៣១៨នាក់ ដែលពិធីនេះបាន ធ្វើឡើងនៅមន្ទីរគណបក្សប្រជាជនក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ក្នុងឱកាសនោះ បានថ្លែងថា សភាពការណ៍នយោបាយក្នុងប្រទេសបច្ចុប្បន្ន គឺមានភាពល្អប្រសើរហើយ ដូច្នេះមានតែបងប្អូនប្រជា ពលរដ្ឋ ចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរ ដើម្បីរក្សាសុខសន្តិភាព និងការកសាងនូវសមិទ្ធិផលនានា។
ចំណែកអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦នេះ ឲ្យក្លាយទៅជាស្ថាប័នមួយ ដែលជាស្ថាប័នបម្រើសេវាពិតប្រាកដ ជាប្រយោជន៍ដល់ប្រជាពលរដ្ឋយើង។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា «មន្ត្រីរាជការមិនមែនជាម្ចាស់របស់ប្រជាពលរដ្ឋទេ ពោលមន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ព្រោះលទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋ គឺជាអ្នកបោះឆ្នោតជ្រើសរើស ឲ្យដឹកនាំបន្តគ្រប់គ្រប់អាណត្តិ នៅពេលដែលពួកគាត់មានទំនុកចិត្ត»។
លោកថា «ដូច្នេះអាជ្ញាធរមូលដ្ឋាន ពិសេសមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវខិតខំប្រឹងប្រែងបំពេញតួនាទីជាអ្នកបម្រើសេវា ដូចជាការដោះស្រាយបញ្ហាប្រឈមនានា ឱ្យបានល្អប្រសើរ ដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយក៏ជាការទំនុកចិត្តដល់ប្រជាពលរដ្ឋ ចំពោះថ្នាក់ដឹកនាំដែលពួកគាត់បានសម្រេចបោះឆ្នោតជ្រើសរើស នាពេលកន្លងទៅនេះផងដែរ»៕