(កំពង់ធំ)៖ រថយន្តប្រាំភ្លៅកង់ដប់ដឹកត្រីគ្មានឯកសារគ្រប់គ្រាន់មួយគ្រឿង បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ហើយម្ចាស់រថយន្តថែមទាំងគំរាមប្តឹង សមត្ថកិច្ចបើសិនងាប់ត្រីរបស់ខ្លួន។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ នៅតែមានវប្បធម៌អន្តរាគមន៍ពីមន្រ្តីធំមួយចំនួន ដែលបំពានលើច្បាប់ធ្វើឲ្យមន្ត្រីថ្នាក់ក្រោមមិនហ៊ានអនុវត្តន៍ច្បាប់។ ជាក់ស្តែងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវវាង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបង្កឡើងដោយរថយន្តប្រាំភ្លៅម៉ាកហ៊ិនដាយ ពណ៌ស ស្លាកលេខ កំពង់ធំ 3A-2093 ដឹកត្រីពីខេត្តត្បូងឃ្មុំ ទៅខេត្តបន្ទាយមានជ័យ បើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ រួចក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក FOSU ពណ៌បៃតង ផ្លាកលេខ ភ្នំពេញ 3E-0422 សណ្តោងរ៉ឺម៉កផ្លាកលេខភ្នំពេញ 4A-4129 បើកបរដោយឈ្មោះ ម៉ៅ ផានិត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ដែលបណ្តាលឲ្យរបួសធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរណ៍ផ្លូវគោក និងកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំ បានចុះដល់កើតហេតុ ធ្វើការវាស់វែង រហូតឃាត់វត្ថុតាង សុំឯកសារបន្តនីតិវិធីច្បាប់ ស្រាប់តែកូនប្រុសម្ចាស់ត្រី ហុចទូរស័ព្ទឲ្យឪពុក និងថៅកែ ហើយឆ្លើយថា រថយន្តជួលមិនស្គាល់ម្ចាស់ទេ ថែមទាំងស្រែកគំរាមថា បើងាប់ត្រី នឹងប្តឹងសមត្ថកិច្ចដែលចុះធ្វើការងារផ្ទាល់តែម្តង។

បើតាមប្រជាពលរដ្ឋនៅក្នុងខេត្ត ករណីដឹកជញ្ជូនខុសច្បាប់នេះ មិនមែនទើបតែមានម្តងនេះនោះទេ គឺតែងតែដឹកជញ្ជូនជារៀងរាល់ថ្ងៃ ដែលមានរថយន្តធនធំប្រមាណ ៣ ឬ៤គ្រឿង បានប្រើប្រាស់លិខិតអនុញ្ញាតតែមួយសន្លឹក ស្ថិតនៅជាមួយរថយន្តអ្នករត់ការ។

សមត្ថកិច្ចជំនាញបានបង្ហើបប្រាប់ថា ត្រីដឹកចេញពីប្រទេសវៀតណាម ដែលក្នុងគោលការណ៍ច្បាប់ស្តីពីការដឹកជញ្ជូន គឺគ្រប់រថយន្តត្រូវភ្ជាប់មកជាមួយលិខិតអនុញ្ញាតដឹកជញ្ជូនដោយរថយន្ត ដែលមានផ្លាកលេខ និងម្ចាស់ច្បាស់លាស់ មានលិខិតកាត់ស្តុកចេញពីព្រំដែន (PC)។

សមត្ថកិច្ចបញ្ជាក់ថា ការដែលម្ចាស់ត្រីគំរាមកំហែងមកលើសមត្ថកិច្ចបែបនេះ ក៏ដោយសារមានអ្នកនៅពីក្រោយខ្នងចាំអន្តរាគមន៍។

គួរបញ្ជាក់ថា ក្នុងងភូមិសាស្រ្តខេត្តកំពង់ធំ មិនមែនមានតែដឹកសត្វត្រីខុសច្បាប់ឆ្លងកាត់នោះទេ សូម្បីតែសត្វមាន់នាំចូលពីប្រទេសថៃ ស្ទើរតែទាំងស្រុង គឺជាទំនិញដែលមិនបំពេញតាមលក្ខខណ្ឌ
ច្បាប់របស់រាជរដ្ឋាភិបាលឡើយ ដែលទាំងអស់នេះ ស្ថិតជាចម្ងល់សង្ស័យចំពោះមហាជនថា «តើវាជាវប្បធម៌អន្តរាគមន៍ ឬមួយសមត្ថកិច្ច លួចឃុបឃិតជាមួយជនល្មើស»៕