(ភ្នំពេញ)៖ លោក ផ្លោក ផោន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមបើកពិធី សូត្រលើកទី២៩ និងប្រឡងចាំមាត់លើកទី៣ គម្ពីរអាល់គូរអានុលការីម ថ្នាក់ជាតិ ឆ្នាំ២០២០ នៅវិហារធំ គីឡូម៉ែត្រលេខ៩ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានលើកឡើងថា រាជរដ្ឋាភិបាលដែលមានសមេ្តចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបាននឹងកំពុងខិតខំ យ៉ាងសកម្មបំផុត ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពសុវត្ថិភាពការពង្រឹង និងពង្រីកខឿនសេដ្ឋកិច្ចជាតិ និងការធ្វើឱ្យមានវឌ្ឍនភាពវប្បធម៌ប្រពៃណី ក៏ដូចជាការបង្កបរិយាកាសយោគយល់ចុះសម្រុងគ្នា និងភាពសុខដុមរមនា រវាងសាសនិកនៃសាសនាទាំងឡាយ នៅកម្ពុជា ដើម្បីឈានទៅកាន់ការអភិវឌ្ឍសង្គមជាតិ។
លោកបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល តែងស្វាគមន៍ជានិច្ច នូវរាល់សកម្មភាពគ្រប់សាសនា នៅកម្ពុជា ដែលមានលក្ខណៈ ជាការអភិវឌ្ឍសង្គមជាតិ ដោយគោរពច្បាប់ប្រទេសជាតិជាធំគោរពសិទ្ធិ និងកិត្តិយសផងគ្នា មិនរំលោភបំពានគ្នា ពិសេស នៅក្នុងការផ្សព្វផ្សាយសាសនារបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនេះ លោក ផ្លោក ផោន សូមស្ងើចសរសើរ ដោយស្មោះច៓ពោះលទ្ធផល សកម្មភាពការងារដែលគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា សម្រេចបាននាពេលកន្លងមក ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ការធ្វើដំណើរយ៉ាងរលូន និងសន្សឹមៗតាមទិសដៅរបស់ខ្លួន ដើម្បីបំពេញនូវទំនុកចិត្ត របស់ព្រះអល់ឡោះ និងរបស់មនុស្សជាតិ គឺជាកត្តាមួយដ៏សំខាន់បំផុត ក្នុងការសម្រេចបាននូវផែនការទិសដៅរបស់ខ្លួន។
បើតាមលោកឧកញ៉ា សុះ កុំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានលើកឡើងថា ការរៀបពិធីសូត្រអាល់គូរអាននេះ បានធ្វើឡលងជារៀងរាល់ឆ្នាំហើយ ប្រធានបទខុសៗគ្នា ខណៈលើកនេះ យើងបានដាក់ប្រធានបទថ្មីគឺ «ឥស្លាម និងសេដ្ឋកិច្ច»។
លោកបន្តថា ការដាក់ប្រធានបទនេះ គឺដោយសារសេដ្ឋកិច្ចជាវិស័យអទិភាព ដែលបំពេញតម្រូវការចាំបាច់របស់មនុស្សគ្រប់មជ្ឈដ្ឋាន។ អនុលោមតាមធម្មវិន័យសាសនាឥស្លាម បានកំណត់ជាធរមានថា ស្ថិតនៅក្នុងសង្គមនីមួយៗមានវិស័យជាច្រើន ដែលបានផ្សាភ្ជាប់គ្នា ធ្វើឱ្យសង្គមមានស្ថិរភាព និងអភិវឌ្ឍន៍ប្រកបដោយចិរភាព និងនិរន្តរភាព។ ប៉ុន្តែវិស័យសេដ្ឋកិច្ច ត្រូវបានចាត់ទុកជាវិស័យអទិភាព ដ៏មានសារសំខាន់ក្នុងទ្រទ្រង់ ដល់ជីវភាពរស់នៅប្រកបដោយសុខមាលភាព និងសេចក្ដីសុខរមនា ព្រមទាំងមានវិសាលភាពបំពេញនូវសេចក្ដីត្រូវការ និងគោលបំណងនានាតម្រូវការចាំបាច់ ក្នុងការកសាងជីវិតរស់នៅដ៏គាប់ប្រសើរក្នុងឋានលោកបច្ចុប្បន្ន និងបរលោកឯនាយ។
សូមជម្រាបថា បេក្ខជន បេក្ខនារីដែលចូលរួមប្រកួតសូត្រអាល់គូរអាននុលការីមនេះ មានចំនួន៣៦រូប ក្នុងនោះប្រុសមានចំនួន២០រូប នារីមានចំនួន១៦រូប៕