ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញមកដល់កម្ពុជាវិញ ក្រោយបញ្ចប់ទស្សនកិច្ចការងារនៅអារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម រយៈពេលមួយសប្តាហ៍
11-01-2020 10:32
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបំពេញទស្សនកិច្ចការងារប្រដោយជោគជ័យ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសអេមីរ៉ាតអារ៉ាប់រួម រយៈពេលមួយសប្តាហ៍ គឺចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែមករានេះ។
បើតាមការឲ្យដឹងពី លោក ឡុង យេស នាយកខុទ្ទកាល័យ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា នៅទីក្រុងរីយ៉ាដ ទីក្រុងជុតដាស់ និងទីក្រុងម៉ាកាស់ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត លោកទេសរដ្ឋមន្ដ្រី ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គការសម្ព័ន្ធពិភពឥស្លាម (Rabita) បានអញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សា Rabita។ ក្រៅពីនេះក៏បានជួបពិភាក្សាការងារជាមួយ ប្រធានមូលនិធិអភិវឌ្ឍន៍អារ៉ាប៊ីសាអូឌីត (SFD) ប្រធានធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB) អគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម (OIC) នាយកប្រតិបត្តិ ICD ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នសំខាន់ៗ មួយចំនួនទៀតផងដែរ។
បន្ទាប់មក ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបន្តដំណើរទៅកាន់ប្រទេសអារ៉ាប់រួមអេមីរ៉េត នៅទីក្រុងឌូបៃ និងទីក្រុងអាប៊ុយដាប៊ី ដើម្បីជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំស្ថាប័នសំខាន់ៗ និងសប្បុរសជនមួយចំនួន៕