(ភ្នំពេញ)៖ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធីគ្រុប បានប្រគល់លិខិតតែងតាំងជូនដល់ថ្នាក់ដឹកនាំ នៃប៊ែលធីគ្រុប ចំនួន ៤៨នាក់ និងប្រគល់ពានរង្វាន់ការងារ និងប័ណ្ណអាហារូបករណ៍ ១០០% និងរង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកបម្រើការងារអស់រយៈពេល១០ឆ្នាំ ចំនួន ៨១នាក់។
ពិធីប្រគល់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ ដែលមានគណៈគ្រប់គ្រង, បុគ្គលិក, សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ ចូលរួមចំនួន ២,៤៥៣នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាពលោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធី គ្រុប និងលោកស្រី។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត លី ឆេង ក៏បានថ្លែងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូទាំងអស់នៃប៊ែលធីគ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍ និងសេចក្តីសម្រេចនានារបស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរគួរជាទីមោទនក្រៃលែង៕