(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាបិតាសន្តិភាព នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ បានថ្លែងថា ការនាំគ្នាចងចាំ និងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើឱ្យប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរគ្រប់ៗរូប។

តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណជនរួមជាតិ ដែលបានចូលរួមលើកតម្កើងសន្តិភាព តាមរយៈការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយពលរដ្ធ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ «អរគុណសន្តិភាព»

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ម៉្យាងវិញទៀត ការនាំគ្នាចងចាំនិងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើអោយប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូប។ មានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ»

ឆ្លៀតឱកាសថ្ងៃចុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរការធ្វើដំណើររបស់ប្រជាពលរដ្ឋមានសុវត្ថិភាពគ្រប់ទីកន្លែង និងបានសប្បាយរីករាយជួបជុំក្រុមគ្រួសារក្នុងថ្ងៃសម្រាកចុងសប្តាហ៍ទាំងអស់គ្នា។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងស្របពេលដែលប្រជាពលរដ្ឋជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម Facebook បានបង្ហោះទស្សនៈផ្សេងៗដោយផ្តល់តម្លៃថ្លៃថ្លា និងនឹកឃើញដល់គុណសន្តិភាពរបស់ប្រទេសកម្ពុជា នៅពេលដែលមានការបាញ់គ្នាទៅវិញទៅមកគ្នារវាងអាមេរិក និងអឺរ៉ុង កាន់តែខ្លាំងប​ណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់។

កម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្ស ជាពិសេសនៅដំណាក់កាលក្រោយសម័យសង្គមរាស្ត្រនិយម។ សង្គ្រាមរ៉ាំរ៉ៃនេះ បានចាប់ផ្តើមកើតឡើងចាប់តាំងពីមានរដ្ឋប្រហារទម្លាក់សម្តេច នរោត្ត សីហនុ នៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ និងបន្តធ្វើឱ្យកម្ពុជាវិនាសហិនហោចស្ទើរតែទាំងស្រុងនៅពេលខ្មែរក្រហមវាយផ្តួលរំលំរបប «លន់ នល់» ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលរបបកម្ពុជាប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់ «ប៉ុលពត» បានសម្លាប់ប្រជាជនខ្មែរស្លូតត្រង់រាប់លាននាក់។

ទម្រាំបានសន្តិភាពពេញលេញរយៈពេលជាង២១ឆ្នាំមកនេះ ថ្នាក់ដឹកនាំកម្ពុជា បានខិតខំយ៉ាងខ្លាំង និងយ៉ាងលំបាកក្នុងការស្វះស្វែងបញ្ចប់សង្រ្គាម ហើយយុទ្ធជនជំនាន់មុន ក៏បានបូជាសាច់ស្រស់ឈាមស្រស់អស់មិនតិចនោះដែរ៕