(ភ្នំពេញ)៖ ក្នុងខែធ្នូ ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការ បង្កើតឡើងដោយរាជរដ្ឋាភិបាល ក្នុងគោលដៅចូលរួមធានានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង បានទទួលថវិកាបរិច្ចាគ សរុបចំនួន៣៩៣,៤៤៤,៩០០រៀល (ស្មើនឹងជាង៩ម៉ឺនដុល្លារ) និង១៧៦,៤៩៨ដុល្លារអាមេរិក។
បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ថវិកាបរិច្ចាគ សរុបក្នុងខែធ្នូ ឆ្នាំ២០១៩ ទទួលបានពីសប្បុរសជន ចំនួន៦,៨៦៧ រូប ក្នុងនោះរួមមាន សមាជិកកិត្តិយសចំនួន១៧ រូប, សមាជិកគាំទ្រចំនួន ៤,៧៨៦ រូប, និងសប្បុរសជនផ្សេងៗ ចំនួន ២,០៦៤រូប។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគ ថវិកាសម្រាប់ទ្រទ្រង់ និងផ្ដល់ការគាំពារផ្នែកថែទាំសុខភាពកុមារប្រកបដោយគុណភាព និងមិន-គិតថ្លៃ ដោយមន្ទីរពេទ្យគន្ធបុប្ផា នាពេលកន្លងមក និងនៅពេលអនាគ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តដល់សាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានា ឲ្យបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈការចូលជាសមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០,០០០,០០០រៀល /៥,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ ជាសមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥,០០០រៀល ក្នុងមួយខែ/ ៦០,០០០រៀលក្នុងមួយឆ្នាំ៕