(ភ្នំពេញ)៖ នៅទីបំផុតជនបង្កដែលបើករថយន្ដ បុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យមនុស្សស្លាប់២នាក់ភ្លាមៗ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងខណ្ឌមានជ័យ ត្រូវកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ តាមចាប់ខ្លួនបានហើយនៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅស្រុកស្អាង ខេត្តកណ្ដាល ទីដែលជនសង្ស័យកំពុងលាក់ខ្លួនក្រោយបង្កហេតុ។

មន្ដ្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងនគរបាលរាជធានីភ្នំពេញ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា ជនបង្កដែលកម្លាំងនគរបាលជំនាញតាមចាប់ខ្លួនបាននេះ ឈ្មោះ ហ៊ុយ ទូច អាយុ៣៣ឆ្នាំ ក្នុងនោះសមត្ថកិច្ចដកហូតបានរថយន្ដមួយគ្រឿង ម៉ាក Camry ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BB-0035 ដែលបង្កហេតុផងដែរ។

សូមជម្រាបថា ជនបង្កដែលត្រូវសមត្ថកិច្ចចាប់ខ្លួននេះ គឺជាអ្នកបើករថយន្ដផ្ទាល់តែម្ដង ហើយត្រូវជាពូរបស់ឈ្មោះ ឆេង គីមលី អាយុ២១ឆ្នាំ ដែលជាម្ចាស់រថយន្ដ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ នៅផ្ទះដែលមានទីតាំងក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ដោយឡែក ឈ្មោះ ឆេង ម៉េងលី ដែលជាឈ្មោះនៅក្នុងប័ណ្ណសម្គាល់យានយន្ដនោះ គឺជាបងជីដូនមួយរបស់ ឆេង គីមលី ហើយមិនជាប់ពាក់ព័ន្ធក្នុងករណីនេះទេ។

បន្ទាប់ពីឃាត់ខ្លួនជនបង្កឈ្មោះ ហ៊ុយ ទូច រួមជាមួយរថយន្ដ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។

សូមរំលឹកថា រថយន្ដមួយគ្រឿង ម៉ាក Camry ពាក់ផ្លាកលេខភ្នំពេញ 2BB-0035 បានបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យមនុស្សស្លាប់២នាក់ ហើយបើករត់គេចខ្លួនបាត់ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខការដ្ឋានចិន តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1IC-4551 ឌុបក្មេងស្រី និងដឹកនំប៉័ងធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង ហើយបានឡើងវ៉ា ចូលទៅចំណែកផ្លូវម្ខាង ស្របពេលនោះមានរថយន្តហាយប្រ៊ីត មួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-0035 កំពុងបើកបរបញ្ច្រាសទិសគ្នា ជាមួយម៉ូតូ ក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតទៅម្ខាង។ ចំណែកអ្នកជិះម៉ូតូចំនួន២នាក់ ត្រូវកិន និងអូសជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗ ហើយរថយន្ដបានគេចខ្លួនបាត់៕

(ជនបង្ក) ឈ្មោះ ហ៊ុយ ទូច ជាពូរបស់ម្ចាស់រថយន្តឈ្មោះ ឆេង គីមលី ដែលបើកបុកជនរងគ្រោះស្លាប់២នាក់