(ភ្នំពេញ)៖ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន។ ជំនួបនេះ បានរៀបចំធ្វើឡើង នៅទីស្តីការក្រសួងកិច្ចការនារី។
ក្នុងជំនួបរវាង លោកស្រីរដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា ខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាគ្នាអំពីវឌ្ឍនភាព របស់ក្មេងស្រី និងស្ត្រី នៅក្នុងប្រទេសកម្ពុជា។
លោកស្រី អ៉ឹង កន្ថាផាវី បានថ្លែងថា ក្នុងជំនួបនេះ ដោយពិភាក្សាគ្នា ផ្ដោតទៅលើចំណុចសំខាន់ៗមួយចំនួន រួមមាន៖ វិស័យអប់រំ សុខភាព ពង្រឹងភាពអង់អាចដល់ស្រ្តី ក្នុងវិស័យសេដ្ឋកិច្ច ស្ត្រីក្នុងសេចក្តីសម្រេចចិត្ត កិច្ចការពារផ្លូវច្បាប់ ស្រ្តី និងការប្រែប្រួលអាកាសធាតុ និងស្ត្រីក្នុងវិស័យព័ត៌មានវិទ្យា។
លោកស្រី អ៉ឹង កន្ថាផាវី ក៏បានសំណូមពរឲ្យ លោក W. Patrick Murphy គិតគូរពិចារណាចំពោះចំណុចទាំងនេះ ដើម្បីឲ្យលោកឯកអគ្គរដ្ឋទូតអាមេរិក គិតពិចារណ តើគម្រោងមួយណា ដែលលោកឯកអគ្គរដ្ឋទូត អាចចូលរួមសហការបាន ដើម្បីធ្វើយ៉ាងណា ឲ្យវឌ្ឍនភាពរបស់ក្មេងស្រី និងស្ត្រី នៅកម្ពុជា កាន់តែល្អប្រសើរ។
ជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើងផងដែរថា កន្លងមកសហរដ្ឋអាមេរិក ក៏ធ្លាប់បានសហការជាមួយក្រសួងកិច្ចនារី ទៅលើគម្រោងមួយចំនួន។
ជាកិច្ចឆ្លើយតប លោក W. Patrick Murphy បានឯកភាព និងទទួលសំណើរ របស់លោកស្រីរដ្ឋមន្រ្តីក្រសួងកិច្ចការនារី យកទៅគិតគូរពិចារណា៕