(ភ្នំពេញ)៖ ខណៈដែលផែនការនៃការដាំចម្ការឈើចំនួន ៣០លានដើមលើផ្ទៃដីជាង ៣៤,០០០ហិកតា បាននិងកំពុងតែបោះជំហានទៅមុខ ក្រុមហ៊ុនស៊ីងបាយអូថេក (Think Bio-Tech) ដែលទទួលបានសិទ្ធិប្រើប្រាស់ដីព្រៃរបស់រដ្ឋ សម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ បានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងគម្រោងក៏ដូចជាការរៀបចំកំណត់ព្រំដីឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលធ្វើផែនការអភិវឌ្ឍលុបបំបាត់ជម្លោះ និងការលាបពណ៌ផ្សេងៗ និងដើម្បីជួយសម្រួលផ្លូវគមនាគមន៍ដល់ប្រជាពលរដ្ឋរស់ នៅក្នុងខេត្តជុំវិញនោះក្នុងការធ្វើដំណើរនិងដឹកកសិផល។
លោក លូ ឈូឆាង នាយកក្រុមហ៊ុន ស៊ីង បាយអូថេក បានថ្លែងនៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២០ ថា នៅក្នុងរយៈពេល ១ ឆ្នាំមកនេះ ពេលដែលមានការផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មី ក្រុមហ៊ុនស៊ីង បាយអូថេក បានរៀបចំផែនការវិនិយោគថ្មី និងបានកសាងផ្លូវថ្នល់ប្រមាណជាង ២០០គីឡូម៉ែត្រនៅឆ្នាំ ២០១៩ នៅក្នុងដែនដីដែលខ្លួនទទួលបានសិទ្ធិប្រើប្រាស់ ដើម្បីកាត់បន្ថយចម្ងាយផ្លូវនៃការដឹកជញ្ជូន និងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ក្នុងតំបន់ក្នុងការដឹកជញ្ជូនកសិផលរបស់ខ្លួន សម្រាប់ការលក់ក្នុងស្រុកក្តី និងក្រៅស្រុកក្តី។
លោក លូ ឈូឆាង បានបន្តថា ក្រុមហ៊ុនគ្រោងនឹងសាងសង់ផ្លូវថ្នល់ជាច្រើន រយគីឡូម៉ែត្របន្ថែមទៀតនៅក្នុងតំបន់នោះ ដោយលោកបានគូសបញ្ជាក់ថា៖ «មានផ្លូវគមនាគមន៍ខ្វាត់ខ្វែង ក្នុងគម្រោងវិនិយោគជួយកាត់បន្ថយពេលវេលា និងការចំណាយលើការធ្វើដំណើររបស់ប្រជាពលដ្ឋ»។
ជាមួយគ្នានេះ ដើម្បីលុបបំបាត់ការចោទប្រកាន់ និងការលាបពណ៌របស់ក្រុមជនមួយចំនួនថា ក្រុមហ៊ុនស៊ីង បាយអូថេក មានការពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឡង់ ដែលនៅជាប់នឹងដីដែលខ្លួនបានទទួល សិទ្ធិវិនិយោគនោះ ក្រុមហ៊ុនបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធនានា ដើម្បីកំណត់ព្រំដីនៃតំបន់នោះ។
លោក លូ ឈូឆាង បានថ្លែងថា ក្រុមហ៊ុនស៊ីង បាយអូថេក បានធ្វើការកំណត់ព្រំដីស្ទើរតែរួចរាល់ហើយ។ ក្រុមហ៊ុននឹងបញ្ចប់ការបោះបង្គោលព្រំកំណត់ដែនរបស់ខ្លួន នៅក្នុងខែប្រាំង ឆ្នាំ២០២០នេះ នៅតំបន់ជាប់នឹងដែនជម្រកសត្វព្រៃព្រៃឡង់ ដើម្បីកុំឱ្យមានការការចោទប្រកាន់ និងសាធារណមតិមានភ័ន្តច្រឡំមកលើក្រុមហ៊ុនស៊ីបាយអូថេកទៀត។
លោកនាយកប្រតិបត្តិកបានថ្លែងថា កន្លងទៅនេះ ក្រុមហ៊ុនកូរ៉េដែលទទួលបានសិទ្ធិវិនិយោគនេះ មិនបានធ្វើព្រំប្រទល់ទេ ប៉ុន្តែជាមួយថ្នាក់ដឹកនាំថ្មីនៃក្រុមហ៊ុនស៊ីង បាយអូថេក យើងបានធ្វើព្រំ និងធ្វើផ្លូវមួយចំនួន។
នាយកក្រុមហ៊ុន ស៊ីងបាយអូថេក លោក លូ ឈូឆាង បានបន្តទៀតថា ផលប្រយោជន៍នៃការធ្វើផ្លូវនៅក្នុងតំបន់វិនិយោគនេះ គឺជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ដឹកកសិផលមកពីខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារជាដើម កាត់បន្ថយចម្ងាយធ្វើដំណើរ និងដើម្បីកំណត់ព្រំប្រទល់ដី ដែលក្រុមហ៊ុនទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា។ លោកបានគូសបញ្ជាក់ថា៖ «អ្វីដែលក្រុមហ៊ុនចាប់អារម្មណ៍មុនគេគឺកិច្ចការ ដែលទាក់ទងនឹងប្រជាពលរដ្ឋ ព្រោះការដាំដុះត្រូវការឈូសឆាយ ក្រុមហ៊ុនខ្លាចមានការពាក់ព័ន្ធនឹងដីប្រជាពលរដ្ឋ ទើបយើងត្រូវរៀបចំព្រំប្រទល់ ឱ្យបានច្បាស់លាស់ជាមុនសិន»។
លោក លូ ឈូឆាង បានគូសបញ្ជាក់ថា ក្រុមហ៊ុន ស៊ីង បាយអូថេក ប្រមូលតែអនុផលព្រៃឈើ ដែលមាននៅក្នុងតំបន់ដែលខ្លួន ទទួលបានសិទ្ធិប្រើប្រាស់តែប៉ុណ្ណោះ និងបានបង់ពន្ធសួយសារតាមច្បាប់កំណត់ត្រឹមត្រូវ មិនបានទទួលទិញឈើពីខាងក្រៅឡើយ។
លោកនាយកក្រុមហ៊ុន ស៊ីងបាយអូថេករូបនេះ បានថ្លែងឲ្យដឹងផងដែរថា ក្រុមហ៊ុនធ្វើសកម្មភាពស្របតាមកិច្ចសន្យា និងនៅលើទំហំផ្ទៃដីដែលខ្លួន ទទួលបានសិទ្ធិប្រើប្រាស់ពីរដ្ឋាភិបាលតែប៉ុណ្ណោះ។
លោក លូ ឈូឆាង បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនស៊ីងបាយអូថេកក្នុងការអភិវឌ្ឍចម្ការឈើដាំ សម្រាប់បម្រើវិស័យឧស្សាហកម្មឈើកែច្នៃនៅកម្ពុជា និងការពិភាក្សាជាមួយប្រជាពលរដ្ឋ និងសហគមន៍ដែលរស់នៅក្នុងតំបន់នោះ ដែលមានដីទំនេរ ដើម្បីសហការដាំកូនឈើជាលក្ខណៈដៃគូ បង្កើតការងារជូនប្រជាពលរដ្ឋនិងបង្កើនជីវភាពពួកគាត់។
សូមគូសបញ្ជាក់ថាកាលពីខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានបញ្ជូនក្រុមការងារចុះស្រាវជ្រាវដល់ទីតាំងជាក់ស្ដែងរកឃើញថា ក្រុមហ៊ុនស៊ីងបាយអូថេកមិនពាក់ព័ន្ធបទល្មើសកាប់ឈើ និងឈើច្បោះជ័រដូចព័ត៌មានផ្សព្វផ្សាយបែបញុះញង់នោះទេ។ ការចេញសេចក្ដីប្រកាសពាក់ព័ន្ធទៅនឹង ការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់ថា ក្រុមហ៊ុនស៊ីងបាយអូថេក បានប្រព្រឹត្តបទល្មើសកាប់ឈើ និងឈើច្បោះជ័រ នៅក្នុងព្រៃសហគមន៏តំបន់ព្រៃឡង់។
ការចេញសេចក្ដីប្រកាសបដិសេធ ទៅនឹងព័ត៌មានចោទប្រកាន់ខាងលើ ធ្វើឡើងបន្ទាប់ពីក្រសួងកសិកម្ម បានបញ្ជូនក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល ចុះទៅសហការជាមួយមន្ទីកសិកម្ម និងរដ្ឋបាលព្រៃឈើខេត្តក្រចេះ ចុះធ្វើការពិនិត្យ និងស្រាវជ្រាវនូវព័ត៌មានខាងលើ ដល់ទីវាលជាក់ស្ដែងរួចមក។
លោក លូ ឈូឆាង បានថ្លែងថា ក្រុមហ៊ុនស៊ីង បាយអូថេកសូមស្វាគមន៍ ចំពោះស្ថាប័នឬអង្គការណាមួយ ដែលចង់ដឹងចូលពិនិត្យពីការពិតនៃការអនុវត្ត គម្រោងដាំចម្ការឈើដាំ ដើម្បីជៀសវាងការលាបពណ៌ និងចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ប្រឆាំងនឹងការវិនិយោគស្របច្បាប់ ដែលជួយដល់កំណើនសេដ្ឋកិច្ចជាតិ និងបង្កើតការងារធ្វើ និងបង្កើនចំណូលជីវភាពជូនប្រជាពលរដ្ឋ៕