(ស្វាយរៀង)៖ នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នំា២០២០នេះ រដ្ឋបាលស្រុករមាសហែក ខេត្តស្វាយរៀង បានបកស្រាយ និងពន្យល់បន្ថែម ចំពោះករណីប្រជាពលរដ្ឋទាំង ១១គ្រួសារ នៅភូមិអណ្តូងត្របែង ឃុំអណ្តូងត្របែក បានអាស្រ័យផលលើដីស្ថិតភូមិវាលត្មាត ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលបានប្តឹងទាមទារដីចំនួន ៥៨៥៨៣ម៉ែត្រការ៉េ នៅភូមិវាលត្មាត ឃុំត្រស់ ស្រុករមាសហែក។
រដ្ឋបាលស្រុករមាសហែក បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ធាតុពិតករណីនេះអាជ្ញាធរស្រុក បានសម្របសម្រួលរួចហើយ ដោយមានការព្រមព្រៀងរវាងដើមបណ្តឹង សឿង សាវុត និងឈ្មោះ គង់ សឿន ដែលជាតំណាង អ៊ិន វាសនា និងភាគីចុងបណ្តឹង ដោយភាគីទំាងពីរ ព្រមព្រៀងទទួលយកការសម្របសម្រួលរបស់គណៈកម្មការដោះស្រាយទំនាស់ដីធ្លីស្រុក។
ប៉ុន្តែមកដល់ពេលនេះមានបុគ្គលឈ្មោះ ខ្វា សុឆាន់ រស់នៅលំនៅភូមិភូមិកន្លែងជ្រៅ ឃុំក្រប៉ៅ ស្រុកកំចាយមា ខេត្តព្រៃវែង បានចេញមុខមិនឲ្យម្ចាស់ប្លង់កម្មសិទ្ធិធ្វើប្លង់ជាលក្ខណៈប្រព័ន្ធ ដោយសំអាងថា ខ្លួនមានលិខិតសុំខ្ចីដីសហគមន៍ប្រើប្រាស់តំាងពីឆ្នំា២០០៥មក។
ពាក់ព័ន្ធនិងករណីនេះ រដ្ឋបាលស្រុក បានអញ្ជើញឈ្មោះ ខ្វា សុឆាន់ ដើម្បីបំភ្លឺ និងសាកសួរព័ត៌មាន តែធាតុពិតលោក ខ្វា សុឆាន់ បានស្នើសុំខ្ចីដីចំនួន ១០០ហិកតា រយៈពេល ១០ឆ្នំា ដើម្បីដំាកូនឈើអាកាស្យាទៅក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កាលពីថ្ងៃទី២៥ ខែមិនា ឆ្នំា២០០៥ ក៏ប៉ុន្តែគ្មានស្ថាប័នស្រុកខេត្ត និងក្រសួងបានអនុញ្ញាតនោះទេ។
រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៥ បុគ្គលនេះបានស្នើសុំពាក្យកាន់កាប់ប្រើប្រាស់ដីធ្លីចំនួន ៣០ហិកតា ស្ថិតនៅភូមិវាលត្មាត ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង មានតែលោក ហែម សួន មេឃុំត្រស់ទទួលស្គាល់។ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នំា២០២០នេះ គណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ស្រុក បានអញ្ជើញបុគ្គល ខ្វា សុឆាន់ មកធ្វើការបង្ហាញនូវឯកសារគតិយុត្តិមួយចំនួន ក៏ប៉ុន្តែបុគ្គលនេះ ពុំមានឯកសារណាមួយមកបញ្ជាក់បង្ហាញនោះទេ។
ការចេញមកបកស្រាយ និងពន្យល់ករណីនេះ បន្ទាប់ពីប្រជាពលរដ្ឋចំនួន១១គ្រួសារ នៅឃុំត្រស់ នៅស្រុករមាសហែក បានទទូចឲ្យអាជ្ញាធរខេត្តស្វាយរៀង ចាត់វិធានការលើឈ្មួញ ដែលបង្កបញ្ហាឲ្យពួកគាត់ឈឺក្បាល ក្នុងការស្នើសុំធ្វើប្លង់កម្មសិទ្ធិស្របច្បាប់ ហើយលោកអភិបាលខេត្ត ម៉ែន វិបុល ក៏បាននិងកំពុងដោះស្រាយផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ១១គ្រួសាររស់នៅភូមិអណ្តូងត្របែក ដែលមានដីអាស្រ័យផលតាំងពីឆ្នាំ១៩៧៩ នៅភូមិនវាលត្មាត ឃុំត្រស់ ស្រុករមាសហែក បានឲ្យអង្គភាព Fresh News ដឹងថា កន្លងមកមានមន្ត្រីខិលខូច និងក្រុមឈ្មួញរកស៊ីដី បានបង្កព្យុះភ្លៀងទៅលើពួកគាត់ដូចជា បានបង្ខំឲ្យពលរដ្ឋលក់ដីទៅឲ្យពួកខ្លួន ទោះបីពួកគាត់បានប្រាប់ថា ដីទំហំ ៥៨៥៨៣ម៉ែត្រការ៉េ គឺបានលក់ទៅឲ្យគេហើយក្តី តែក្រុមឈ្មួញទាំងនេះ នៅតែបំផុសបំផុលគ្មានមូលដ្ឋានច្បាស់លាស់ឲ្យលក់បន្តក្រុមបក្ខពួកខ្លួន។
ពលរដ្ឋបានឲ្យដឹងថា ដោយសារតែពួកគាត់មិនព្រមជឿ និងការញុះញង់ពីក្រុមឈ្មួញដីទាំងនេះ ពួកគេបានរត់ទៅពឹងពាក់ត្រូវដងត្រូវផ្លែ ជាមួយមន្ត្រីជំនាញធ្វើឯកសារដីធ្លីជាន់លើដីពួកគាត់ មិនមានភាពប្រក្រតី រហូតប្តឹងម្ចាស់ដីដែលមានការទទួលស្គាល់ពីភូមិ ឃុំ ស្រុកត្រឹមត្រូវទៅវិញ ហើយក្រុមឈ្មួញដីនេះ យកតែឯកសារថតចម្លងមកប្តឹង ទីបំផុតក្រុមឈ្មួញដីបានដកពាក្យបណ្តឹងវិញ៕