(ស៊ីដនី និងអាឌឺឡែត)៖ នៅល្ងាចថ្ងៃទី១០ មករា ឆ្នាំ២០២០នេះ នាទីក្រុងស៊ីដនី និងទីក្រុងអាឌីឡែត ប្រទេសអូស្ត្រាលី បងប្អូនប្រជាពលរដ្ឋខ្មែរ-អូស្ត្រាលី ដែលកំពុងរស់នៅទីនោះជាង ១០០០នាក់ បានជួបជុំគ្នាច្រើនកុះករ ដើម្បីប្រារព្ធពិធីអបអរសាទរបុណ្យជាតិខួបលើកទី៤១ នៃទិវាជ័យជម្នះ៧ មករា (១៩៧៩-២០២០) យ៉ាងសប្បាយរីករាយក្រៃលែង និងស្ថិតស្នាលជាទីបំផុត ក្នុងនាមមហាគ្រួសារខ្មែរតែមួយ។
កម្មវិធីនេះបានសហការរៀបចំឡើងដោយលោក ហួរ ហាប់ អនុប្រធានក្រុមការងាររៀបចំយុវជនប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងារយុវជនប្រចាំតំបន់៣ រួមជាមួយ លោក អ៊ិន មាត្រា អនុប្រធានក្រុមការងាររៀបចំយុវជនប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងារយុវជនប្រចាំតំបន់៦ និងក្រុមការងារយុវជនទាំងពីរតំបន់ ក្នុងថ្ងៃតែមួយដោយស្ថិតក្រោមអធិបតីភាពលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារយុវជនប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងលោក ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស អូស្រ្តាលី និងនូវ៉ែលហ៊្សេឡង់៕