(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នឹងអញ្ជើញសម្ពោធផ្លូវមួយខ្សែប្រវែង ៤គីឡូម៉ែត្រ និងប្រគល់ផ្ទះ១០៣ខ្នង ជូនអតីតយុទ្ធជននៅតំបន់២២២២ ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ស្អែកនេះ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលកំពុងស្ថិតនៅទីតាំងប្រគល់ បានឲ្យដឹងថា ក្នុងពិធីប្រគល់នៅថ្ងែស្អែកនេះ អតីតយុទ្ធជនមួយគ្រួសារ នឹងទទួលបានផ្ទះមួយខ្នង និងដី១ហិចតា ដើម្បីបង្កបង្កើនផល។

លោក គន់ គីម បានបញ្ជាក់ថា ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន នឹងឧបត្ថម្ភបន្ថែមទៀត ដើម្បីកសាងផ្ទះនៅតំបន់នេះ ឲ្យបាន៣០៩គ្រួសារ ដែលអតីតយុទ្ធជនកម្ពុជា កំពុងតែមានការខ្វះខាតផ្ទះ និងដី។ ទេសរដ្ឋមន្ដ្រី គន់ គីម បានបន្ថែមទៀតថា ពិធីប្រគល់ស្អែកនេះ គឺជាលើកទី២ ខណៈដែលលើកទី១ ប្រគល់បាន៨០ខ្នងផ្ទះ ហើយលើកទី៣ នឹងប្រគល់៣៦ខ្នងទៀត។

បើតាមទេសរដ្ឋមន្ដ្រី គន់ គីម គម្រោងបន្ដទៅទៀតនោះ សម្ដេចតេជោ ហ៊ុន សែន នឹងឧបត្ថម្ភបន្ថែម១០០ខ្នងផ្ទះទៀត ដើម្បីឲ្យគ្រប់ចំនួន៣០៩ខ្នង ស្មើនឹង៣០៩គ្រួសារ ដែលមានការខ្វះខាត ដើម្បីផ្ដល់ឱកាសឲ្យអតីតយុទ្ធជនបានរស់នៅ និងបង្កបង្កើនផលនៅលើទឹកដីថ្មី នៅខេត្តបន្ទាយមានជ័យ៕